(សាធារណរដ្ឋកូរ៉េ)៖ បង្ហោះសារចេញពីប្រទេសកូរ៉េខាងត្បូង ទីដែលខ្លួនកំពុងបំពេញការងារ ពលករខ្មែរបានផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងគណៈប្រតិភូ ដែលនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីនោះ សូមប្រកបដោយសុខសុវត្ថិភាពគ្រប់ពេលវេលា។

ក្រៅពីនេះ ពួកគាត់ក៏បានអះអាងថា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីត្រៀមចាំទទួលស្វាគមន៍វត្តមានដ៏កក់ក្ដៅរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលនឹងអញ្ជើញជួបសំណេះសំណាលជាមួយពួកគាត់។ ពលករទាំងអស់នោះ ក៏បានបង្ហាញនូវក្ដីរំភើបរីករាយឥតឧបមា ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ។

គួរជម្រាបថា បន្ទាប់ពីដឹងព័ត៌មានថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចុះជួបសួរសុខទុក្ខដោយផ្ទាល់ចំពោះពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសកូរ៉េខាងត្បូងនោះ ពលរដ្ឋខ្មែរនៅទីនោះ បាននាំគ្នាបង្ហោះសារ និងវីដេអូពេញបណ្ដាញសង្គម Facebook បង្ហាញនូវក្ដីរំភើបរីករាយចំពោះដំណឹងនេះ៕