(ប៉ារីស)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រទាននូវគ្រឿងឥស្សរិយយស «សហមេត្រី ថ្នាក់មហាសេនា» ជូនថ្នាក់ដឹកនាំសំខាន់ៗនៃអង្គការយូណេស្កូ ដែលបានខិតខំជួយជ្រោមជ្រែងកម្ពុជាឲ្យសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន នាពេលកន្លងមក

ប្រទានគ្រឿងឥស្សរិយយសនេះ ធ្វើឡើងតាមរយៈលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នាឱកាសកិច្ចប្រជុំមហាសន្និបាតទូទៅលើកទី៤០ នៃអង្គការយូណេស្កូ។

មន្ត្រីថ្នាក់ដឹកនាំនៃអង្គការយូណេស្កូ ដែលទទួលបានគ្រឿងឥស្សរិយយសនាពេលនេះ រួមមាន៖ លោកស្រី Paola Leoncini Bartoli ប្រធានផ្នែកគោលនយោបាយវប្បធម៌ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលលោកស្រីបានគាំទ្រ និងជួយជ្រោមជ្រែងកម្ពុជាជាច្រើន នាឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅរាជធានីភ្នំពេញ ឆ្នាំ២០១៣៕