(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងលោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជាកិត្តិយសដឹកនាំមន្ត្រីចូលរួមក្នុងពិធីទទួលទេយ្យវត្ថុ ពីព្រះតេជគុណព្រះគ្រូ រតនៈវិសាលមុនី នួន នាថ ព្រះចៅអធិការ វត្តទួលសុវណ្ណរាម និងព្រះតេជគុណព្រះគ្រូសូត្រស្ដាំ វរបញ្ញោកោសល ណូច នី ជាព្រះវិន័យធរ អនុគណខណ្ឌ ដើម្បីជួយជនងាយរងគ្រោះ នៅតាមមូលដ្ឋាន។

នាឱកាសទទួល និងប្រគល់ទេយ្យវត្ថុនេះ លោក ជា ពិសី ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណព្រះគ្រូ រតនៈ វិសាលមុនី នួន នាថ ព្រះចៅអធិការវត្តទួលសុវណ្ណរាម និងព្រះតេជគុណ ព្រះគ្រូសូត្រស្ដាំ វរបញ្ញោកោសល ណូច នី ជាព្រះវិន័យធរ អនុគណខណ្ឌ ដោយបានផ្ដល់ជូននូវវប្បធម៌ចែករំលែក ទាំងគ្រឿងឧបភោគបរិភោគ សម្ភារផ្សេងៗ ក៏ដូចជាបច្ច័យ មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងគោលបំណងចូលរួមគាំទ្រ ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះគ្រប់ប្រភេទ។

លើសពីនេះ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវរូបនេះ បានសន្យាបន្តនាំយកនូវទេយ្យវត្ថុមានជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងបច្ច័យដែលព្រះតេជគុណ រតនៈ វិសាលមុនី នួន នាថ ព្រះចៅអធិការវត្តទួលសុវណ្ណរាម និងព្រះតេជគុណព្រះគ្រូសូត្រស្ដាំ វរបញ្ញោកោសល ណូច នី ជាព្រះវិន័យធរ អនុគណខណ្ឌ បានឧបត្ថម្ភជួយមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋ ងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ក្នុងការចូលរួមលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ស្របពេលប្រទេសជាតិ កំពុងតែមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា ចំពោះទេយ្យវត្ថុ ដែលអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវទទួលបាន ពីព្រះតេជគុណព្រះគ្រូ រតនៈ វិសាលមុនី នួន នាថ ព្រះចៅអធិការវត្តទួលសុវណ្ណរាម និងព្រះតេជគុណព្រះគ្រូសូត្រស្ដាំ វរបញ្ញោកោសល ណូច នី ជាព្រះវិន័យធរ អនុគណខណ្ឌ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះរួមមាន៖ អង្ករ៧៥០គីឡូក្រាម (១៥បាវ), មី២០កេស, ត្រីខ២៥០កំប៉ុង, ទឹកត្រី២០យួរ, ទឹកស៊ីអ៉ីវ២០យួរ, ទឹកសុទ្ធ២០កេស, ស្ករស១០០គីឡូក្រាម, ទឹកដោះគោខាប់១០០គីឡូក្រាម, ទឹកក្រូច២០កេស, បន្លុង០២សម្រាប់ និងបច្ច័យ៤,០០០,០០០រៀល៕