(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA Cambodia បានឲ្យដឹងថា បច្ចុប្បន្ននេះខុនដូ បាន និងកំពុង មានការរីកចម្រើនជាខ្លាំង ហើយនឹងបន្ដការរីកចម្រើន នៅពេលខាងមុនបន្ដទៀត។

ការរីកចម្រើននេះបណ្ដាមកពីប្រជាពលរដ្ឋចាប់ផ្ដើមប្ដូរផ្នត់គំនិតក្នុងការរស់នៅ ដោយកាលពីមុនពួកគាត់រស់នៅផ្ទះជាប់ដី ប៉ុន្ដែឥឡូវពួកគាត់មករស់នៅលើខុនដូ ដោយសារតែការរស់នៅខុនដូ មានភាពងាយស្រួល ទាន់សម័យ និងមានសុវត្ថិភាព។

ការលើកឡើងបែបនេះ របស់លោក ខន គង្គារ ធ្វើឡើងក្នុងឱកាសបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រុមហ៊ុន ERA ជាភ្នាក់ងារអចលនទ្រព្យ របស់សហរដ្ឋអាមេរិក និងបានពង្រីកខ្លួន ចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

អ្នកជំនាញរូបនេះបានបន្ដថា ប្រជាពលរដ្ឋនឹងងាកមករស់នៅខុនដូ ច្រើនជាងផ្ទះជាប់ដី ដោយសារតែខុនដូមានភាពងាយស្រួល និងមានគ្រប់យ៉ាងដូចជា៖ អាងហែលទឹក, ក្លឹបហាត់ប្រាណ និងមានទីតាំងសុវត្ថិភាព ព្រមទាំងមានភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។

លោកបានបន្ដថា ដោយមើលឃើញពីតម្រូវការលើវិស័យខុនដូនេះ ទើបក្រុមហ៊ុនសម្រេចបើកសម្ពោធផ្លូវការ ក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia នៅក្នុងប្រទេសកម្ពុជា។

លោកបញ្ជាក់ថា «កត្ដាដែលខ្ញុំលក់ខុនដូ គឺខ្ញុំផ្ដោតសំខាន់លើទីតាំងខុនដូល្អ, ងាយស្រួលក្នុងការបំពេញការងារ ហើយក៏កាន់តែងាយស្រួល សម្រាប់អ្នកប្របកអាជីវកម្ម ដោយមិនចំណាយពេលវេលាច្រើន»

លោក ខន គង្គារ បញ្ជាក់ថា ថ្ងៃអនាគតវិស័យខុនដូ នឹងកាន់តែរីកចម្រើន ព្រោះដោយសារតែគេមិនអាចយកដី កណ្ដាលក្រុងមកធ្វើផ្ទះល្វែងបាននោះឡើយ ជម្រើសមានតែមួយប៉ុណ្ណោះ គឺការសាងសងជាអាគារផ្សេងៗ និងខុនដូនេះឯង។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia មានសមាជិកជាភ្នាក់ងារលក់២០០នាក់ កំពុងប្រតិបត្តិការលក់យ៉ាងសកម្មទូទាំងប្រទេស ហើយកន្លងមកនេះ ERA Cambodia បានពង្រឹងកិត្យានុភាពរបស់ខ្លួន ដោយបានចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនល្បីៗ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីអភិវឌ្ឍវិស័យអលចនទ្រព្យនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងផងដែរ។

ជាក់ស្ដែងគម្រោងខុនដូធំ និងល្បីៗជាច្រើនដែលភ្នាក់ងារអចលនទ្រព្យ ERA Cambodai បានសហការជាមួយមានដូចជា៖ គម្រោងខុនដូ Morgan Enmaison Condominiums ជាគម្រោងអភិវឌ្ឍថ្មីក្នុងទឹកដីខណ្ឌជ្រោយចង្វារ ដែលជាតំបន់កំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់, គម្រោងខុនដូ La Vista One មានទីតាំងស្ថិតនៅតាមបនណ្ដោយវិថីទន្លេមេគង្គ ខណ្ឌជ្រោយចង្វា , គម្រោង Time Sqaure 3 ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវទៅកាន់ TK avenue, គម្រោង TK Star ស្ថិតក្នុងខណ្ឌទួលគោក, គម្រោង URBAN VILLAGE មានទីតាំងទី១ស្ថិតនៅផ្លូវមហាវិថីសម្ដេចហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ, និងគម្រោង Star City ខណ្ឌសែនសុខ ជិតព្រលានយន្តហោះអន្តរជាតិចភ្នំពេញ៕