(ភ្នំពេញ)៖ ជំនួបរវាងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានធ្វើឡើងជាង១ម៉ោង នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គ្រាន់តែជាជំនួបសួរសុខទុក្ខធម្មតាប៉ុណ្ណោះ មិនមានជជែកអ្វីស៉ីជម្រៅ ពាក់ព័ន្ធបញ្ហានយោបាយនោះទេ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនេះ លោក កឹម សុខា បានបញ្ជាក់ថា លោកមិនអាចនិយាយអ្វីបាននោះទេ ដោយសារតែលោកជាប់ក្នុងបំរាមនៅឡើយ ហេតុដូច្នេះហើយលោកក៏សូមអធ្យាស្រ័យចំពោះអ្នកសារព័ត៌មាន និងថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ បានចូលរួមផ្ដិតយករូបភាពក្នុងជំនួបរបស់លោក ជាមួយឯកអគ្គរដ្ឋទូត។

ដោយឡែក លោក W.Patrick Murphy បានបញ្ជាក់ថា ការសម្របសម្រួលលក្ខខណ្ឌថ្មីដល់លោក កឹម សុខា ពិតជាសារសំខាន់ណាស់ ហើយលោកស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ដើម្បីសម្រួលដល់ការធ្វើសកម្មភាពផ្សេង។ លោកឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះរាជរដ្ឋាភិបាល នូវការសម្រេចសម្រួលលក្ខខណ្ឌដល់លោក កឹម សុខានេះផងដែរ។

ការចូលជួបសួរសុខទុក្ខនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ត្រូវបានតុលាការអនុញ្ញាតឱ្យធ្វើដំណើរចេញក្រៅផ្ទះ និងទៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅព្រឹកមិញនេះ លោក កឹម សុខា ក៏បានអនុញ្ញាតឱ្យលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ចូលជួបសួរសុខទុក្ខផងដែរ។ ក្នុងជំនួបជាមួយលោកស្រីឯកអគ្គរដ្ឋទូតបារាំង ត្រូវបានលោក មុត ចន្ថា នាយកខុទ្ទការល័យរបស់លោក កឹម សុខា អះអាងថា មិនមានជជែកអ្វីក្រៅពីការសួរសុខទុក្ខនោះឡើយ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចតុលាការពីបទក្បត់ជាតិកាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលមួយឆ្នាំ។ លុះដល់ខែកញ្ញា ឆ្នាំ២០១៨ រូបលោកត្រូវបានផ្ទេរពីពន្ធនាគារត្រពាំងផ្លូវ មកឱ្យស្នាក់នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនអាចធ្វើដំណើរចេញពីក្នុងផ្ទះបាននោះឡើយ។

នៅថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញនេះ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរនៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា។ តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ៕