(កំពង់ធំ)៖ ក្រោយពិធីប្រកាសសេចក្តីសម្រេច ស្តីពីការបំពេញបន្ថែម និងការចាត់ចែងសមាសភាពក្រុមការងារចុះជួយភូមិទាំង៩នៃឃុំត្នោតជុំ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក នី ផល្លី អនុប្រធានក្រុមការងារចុះជួយស្រុកបារយណ៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្នោតជុំ និងលោកស្រី ហេង ពិសី តំណាង លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅវត្តត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

កម្មវិធីនេះ មានការចូលរួមពីព្រះសង្ឃ សហការី បងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សសរុបប្រមាណ ១០០០ នាក់ ខណៈដែលពិធីនេះក៏បានរៀបចំនៅតាមបណ្តាភូមិនានា ក្នុងឃុំត្នោតជុំ ផងដែរ។

ក្នុងពិធី មានការតាំងបង្ហាញអំពីរបៀបនៃការធ្វើអំបុកតាមដំណាក់កាលនិមួយៗ ចាប់តាំងពីការច្រូតស្រូវយកមកបែន ការអុំយកស្រូវមករំលីង និងដាល់ស្រូវចេញជាអំបុក អមដោយការពិព័ណប្រភេទនៃអំបុកនិងប្រភេទអាហារនិងផ្លែឈើហូបជាមួយអំបុក។

ក្នុងពិធីជួបជុំដ៏ច្រើនកុះករ និងសប្បាយរីករាយនេះ ប្រជាពលរដ្ឋបានប្តេជ្ញាសាមគ្គីចូលរួមថែរក្សាសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រឆាំងដាច់ខាតនឹងក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នារសៀលថ្ងៃដដែល លោកប្រធានក្រុមការងារ និងលោកស្រី បាននាំយកម៉ាស៊ីនភ្លើងមួយគ្រឿងប្រគេនដល់ព្រះសង្ឃសម្រាប់ប្រើប្រាស់ក្នុងវត្តសេរីសោភណ្ឌ ស្ថិតនៅក្នុងភូមិព្នៅ និងបានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គីនាំយកបច្ច័យកសាងវត្ត និងប្រគេនបច្ច័យដល់ព្រះសង្ឃ45អង្គ នៅវត្តត្នោតជុំ ផងដែរ៕