(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ វិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺជាកិច្ចប្រជុំប្រចាំឆមាស ដែលត្រូវបានចូលរួមដោយរដ្ឋលេខាធិការ លោក លោកស្រី អភិបាលរង រាជធានី ខេត្ត ជាប្រធានគណៈកម្មាធិការ ប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត និង ជាសមាជិក សមាជិកាក្រុមប្រឹក្សាគោលនយោបាយ ពហុវិស័យប្រយុទ្ធនឹងជំងឺអេដស៍។

កិច្ចប្រជុំមានគោលបំណង ពិនិត្យបច្ចុប្បន្នភាពនៃស្ថានភាពឆ្លងរាលដាល នៃមេរោគអេដស៍ នៅក្នុងឆមាសទី២ ឆ្នាំ២០១៩ និង ពិនិត្យមើលនូវលទ្ធផលការងារប្រយុទ្ធនឹងជំងឺអេដស៍ ដែលសម្រេចបានក្នុង ឆមាស។ កិច្ចប្រជុំពេញអង្គក៏បានពិភាក្សា សម្រេចដាក់ចេញទិសដៅគោលនយោបាយពហុវិស័យ ប្រយុទ្ធនឹងជំងឺអេដស៍ សំរាប់ឆមាសទី១សំរាប់ឆ្នាំ២០២០ខាងមុខ។

លោកទេសរដ្ឋមន្រ្តី បានក្រើនរំឭកកិច្ចប្រជុំពេញអង្គថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅសូន្យបី គឺ «គ្មានការឆ្លងមេរោគអេដស៍ថ្មី, គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍» និង «គ្មានការស្លាប់ដោយសារជំងឺអេដស៍» នៅត្រឹមឆ្នាំ២០២៥។

លោកបន្តថា យើងក៏បាននិងកំពុង តែធ្វើដំណើររួមគ្នា ប្រកបដោយទស្សនវិស័យច្បាស់ លាស់ ក្នុងក្តីសង្ឃឹមពិតប្រាកដឆ្ពោះទៅរកការលុបបំបាត់ជំងឺអេដស៍។ នេះក៏ដោយសារតែប្រទេស កម្ពុជាយើង មាននូវកត្តាចាំបាច់ដ៏មានប្រសិទ្ធភាពខ្ពស់រួចទៅហើយគឺ ការប្តេជ្ញាចិត្តគាំទ្រជានយោបាយ របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានស្តាប់របាយការណ៍ បទបង្ហាញ និងក្រោយពីបានពិភាក្សាផ្លាស់ប្តូរមតិយោបល់ រួចមក កិច្ចប្រជុំពេញអង្គរបស់យើងបាន៖

*ទី១៖ ការអនុម័តជាគោលការណ៍នូវរបាយការណ៍វឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផលក្នុង ការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ រយៈពេល៦ខែចុងឆ្នាំ២០១៩។
*ទី២៖ ការអនុម័តជាគោលការណ៍នូវ ផែនការយុទ្ធសាស្រ្តទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០១៩-២០២៣។
*ទី៣៖ ការបន្តជំរុញឱ្យមានវឌ្ឍនភាព និងការបន្តការអនុវត្ត «សេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស» ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីវិធានការទាក់ទងនឹង ការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។
*ទី៤៖ ការអនុម័ត សេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៩ សម្រាប់បន្តអនុវត្តក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍ ឆ្ពោះទៅសម្រេចបាននូវគោលដៅ៩៥-៩៥-៩៥ នាឆ្នាំ២០២៥។

ជាមួយលទ្ធផលទទួលបាន គួរជាទីមោទនៈនាពេលកន្លងមកនេះ កិច្ចប្រជុំពេញអង្គបានចូលរួមអបអរសាទរ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងផែនការ និងក្រសួង ស្ថាបន័ពាក់ពន្ធ័ទាំងអស់ ដែលបានចូលរួមជំរុញឱ្យមានកិច្ចប្រជុំសម្របសម្រួលនានា និងចូលរួមចំណែកប្រតិបត្តិ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលបានចែងក្នុង «សេចក្តីជូនដំណឹងលេខ២១៣ សជណ.សស» ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីវិធានការទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ មកទល់ពេលនេះ យើងទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងការកោតសសើរ និងលើកទឹកចិត្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបន្តជួយបង្កើន និងសម្របសម្រួលដល់ការប្រើប្រាស់ថវិកាជាតិ ក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ និង ជ្រោមជ្រែងជួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រាជធានី-ខេត្ត ឱ្យបន្តជំរុញនិងចូលរួមសហការ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរឃុំ សង្កាត់ ក្នុងការអនុវត្ត «សេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស» សំរាប់អនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បានបន្តអំពាវនាវ ស្នើសុំបងប្អូនជនរួមជាតិគ្រប់ស្រទាប់ ការពារខ្លួន ទទួលខុសត្រូវខ្លួនឯងជាចំបង កុំឲ្យឆ្លងមេរោគអេដស៍ និង កាត់ផ្តាច់ការចម្លងមេរោគអេដស៍ ទៅសមាជិកក្រុមគ្រួសារ ឬអ្នកដែលខ្លួនមានសម្ព័ន្ធភាពផ្លូវភេទ ដោយប្រើប្រាស់ស្រោមអនាម័យឲ្យបានជាប់លាប់ និងត្រឹមត្រូវ ទៅធ្វើពិនិត្យឈាមរកមេរោគអេដស៍ បើសិនសង្ស័យថាបានប្រឈមឆ្លងមេរោគ។ កុំបាក់ទឹកចិត្ត ប្រសិនលទ្ធផលពិនិត្យឈាមវិជ្ជមាន បញ្ជាក់ថា ខ្លួនបានជ្រុលឆ្លងមេរោគអេដស៍ សូមឆាប់ទៅទទួលសេវាព្យាបាលភ្លាមៗ តាមការណែនាំ របស់គ្រូពេទ្យ៕