(កំពង់ចាម)៖ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ សន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែតុលា និងទិស​ដៅខែវិច្ឆិកា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោកនាយផ្នែកបេតិកភ័ណ្ឌ លោកអធិការ អធិការងនគរបាល​ស្រុក ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបអ្នកចូលរួមមានចំនួន ៣៤១នាក់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានក្រើនរំលឹក និងបន្ដដាក់បទបញ្ជាឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀងអន្ដរាគមន៍គ្រប់ពេលវេលា ដោយរង់ចាំបទបញ្ជារបស់ថ្នាក់ដឹកនាំ នៅពេលមានករណីចាំបាច់ណាមួយកើតឡើង។

ចុងបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ស្នងការ បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញបឋម រយ:ពេលខ្លីដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល​នៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាមផងដែរ៕