(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ ដែលពាក់ព័ន្ធនឹង ការរួមគំនិតក្បត់ ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តប៉ៃលិន។

ជនត្រូវចោទម្នាក់នេះមាន ឈ្មោះ សួរ សេម ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ចោទប្រកាន់ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២០៧ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ពីបទៈ «រួមគំនិតក្បត់» ដោយយោងតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យ នៃសាលាដំបូងខេត្តប៉ៃលិន បានបញ្ជាក់ជូនថា ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕