(សៀមរាប)៖ មន្ត្រីរាជការថ្នាក់ក្រោមជាតិ ១៨៧នាក់ មកពីខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី «នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងសម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣។

សិក្ខាសាលានេះ រៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ ជាសកម្មភាពសំខាន់មួយគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកែទម្រង់វិមជ្ឍការ និង វិសហមជ្ឍការ ព្រមទាំងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ លើកកម្ពស់ភាពជាម្ចាស់ និង មនសិការវិជ្ជាជីវៈខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ពិសេសកិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចពីកម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងឆ្នាំ ២០០៤ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាសារវន្ត ជាពិសេសសម្រេចបាននូវ «ភាពជឿទុកចិត្តនៃថវិកា» ក្នុងដំណាក់កាលទី១ និង «គណនេយ្យភាពហិរញ្ញវត្ថុ» នៅក្នុងដំណាក់កាលទី២។ បច្ចុប្បន្នកម្មវិធីកែទម្រង់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ឤទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបញ្ចប់ដោយជោគជ័យនៅឆ្នាំ ២០២០ ហើយនឹងឈានទៅអនុវត្តដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុង គោលដៅសម្រេចបាននូវ «គណនេយ្យភាពសមិទ្ធកម្ម»។

ដើម្បីម្រេចគោលដៅនេះ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ត្រូវបានដាក់ឱ្យអនុវត្ត ហើយបានចង្អុលឱ្យមានការរៀបចំ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ២០១៩-២០២៥ ដើម្បីប្រែក្លាយជាប្រព័ន្ធថវិកាជាតិពេញលេញ និងតែមួយ គឺ «ប្រព័ន្ធថវិកាជាតិ» ដែលជាចំណុចចាប់ផ្តើមនៃដំណើរវែងឆ្ងាយបន្តទៀត ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០២៥ នៅក្នុងការប្រែក្លាយប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមាន ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ស្របតាមសមត្ថភាព និង តថភាពជាក់ស្តែងនៃ រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការណ៍នេះ តម្រូវឱ្យមានការចូលរួមប្រកបដោយបុរេសកម្ម និង សកម្មរបស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និង ស្មារតីភ្ញាក់រលឹកធ្វើការកែទម្រង់ជាប្រចាំ ដើម្បីធានាបាន ប្រសិទ្ធភាពការងារ និង ការដឹកនាំ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប ក៏បានសង្កត់ធ្ងន់បន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពី «នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» នេះ ពិតជាមានសារៈសំខាន់ ដោយគ្រប់ប្រធានបទទាំងអស់ គឺសុទ្ធតែបានរៀបចំជាមេរៀន ដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត ត្រូវអនុវត្តឱ្យបានគត់មត់ ដោយអនុលោមទៅតាមស្មារតី «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥» ហើយសមស្របទៅនឹងដំណើរការផ្ទេរ សិទ្ធិអំណាច និង ការទទួលខុសត្រូវលើការងារហិរញ្ញវត្ថុ កាន់តែច្រើនឡើងៗ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ការណ៍នេះ នឹងទាមទារចាំបាច់ឱ្យមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានសមត្ថភាព មានជំនាញវិជ្ជាជីវៈសមស្របក្នុងទម្រង់ដូចគ្នានឹងរដ្ឋបាលថ្នាក់ជាតិ។ ក្នុងចំណុចនេះ លោកបណ្ឌិតសភាចារ្យ ក៏បានសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពមន្ត្រីរាជការរបស់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់ ចាំបាច់ត្រូវរៀបចំ និង អនុវត្តឱ្យមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីនៃ «ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» សំដៅធានាប្រសិទ្ធភាព និង គុណភាពនៃការបណ្តុះបណ្តាលសមត្ថភាព ពោល គឺធ្វើឱ្យមន្ត្រីរាជការកាន់តែមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និង គុណវុឌ្ឍិគ្រប់គ្រាន់ សម្រាប់ចូលរួមចំណែកក្នុងការអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានជោគជ័យ៕