(កំពង់ធំ )៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃចន្ទ ៨កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចុះសួរសុខទុក្ខ​និង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ៦៨០គ្រួសារ រស់នៅក្នុងភូមិចំនួន ៥ នៃឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក យ៉ាងជ្រាលជ្រៅ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដែលជាមុខ សញ្ញាងាយរងគ្រោះបំផុត ហេីយត្រូវការ ជំនួយសម្រាលការលំបាកពី កាកបាទក្រហមកម្ពុជា ។

ជាមួយគ្នានេះ លោកស្រី បានគូសបញ្ជាក់ថា ថ្វីត្បិតតែ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជេីញចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋទាំងអស់ ក៏ដោយក៏ សម្តេច តែងតែចាត់ឱ្យសហការី និងមន្ត្រីសាខា ចុះបំពេញការងារមនុស្សធម៌ ជារៀងរាល់ថ្ងៃ ។

ទន្ទឹមនេះ លោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែល តែងតែផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាល់ពេលដែល មានគ្រោះមហន្តរាយកេីតឡេីង បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

លោកស្រីអគ្គលេខាធិការរងទី ១ ក៏បានពាំនាំជាមួយនូវសារអំពាវនាវ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងនាម សម្តេច ជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ផ្តាំផ្ញេីជូនប្រជាពលរដ្ឋដែលជាប្រជានេសាទ ទាំងអស់ ៖

*សូមគិតគូរពី ការថែទាំសុខភាព អនាម័យ ជាចម្បង ជាពិសេសការរស់នៅលេីទឹកនេះ ត្រូវ បរិភោគ ឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិន រក្សាបរិស្ថានឱ្យបានស្អាត និងចូលរួមថែរក្សាធនធានធម្មជាតិ នៃបឹងទន្លេសាប ដែលផ្តល់ផលនេសាទ និងវិស័យទេសចរនៅកម្ពុជាយេីង។

*សូម ចូលរួមអនុវត្តច្បាប់នេសាទ របស់ រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការប្រេីឧបករណ៍នេសាទខុសច្បាប់ ឬ នេសាទក្នុងរដូវត្រីពងជាដេីម។

*សូមស្ត្រីមានផ្ទៃពោះ អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ដេីម្បីទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។

*សូមចូលរួមចំណែកទាំងអស់គ្នា លេីក កម្ពស់គោល នយោបាយភូមិឃុំមានសុវត្ថិភាព លុបបំបាត់បញ្ហា គ្រឿង ញៀន ហេីយត្រូវរាយការណ៍ជូនសមត្ថកិច្ចប្រសិនបេីមានករណី ប្រេីប្រាស់ ឬចែកចាយគ្រឿងញៀននេះ។

*សូម ប្រុងប្រយ័ត្នរាល់ពេលធ្វេីដំណេីរតាមផ្លូវគោក ហេីយ ចូលរួមអនុវត្តច្បាប់ស្តីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដេីម្បីកាត់បន្ថយអត្រាស្លាប់និងពិការភាពដោយគ្រោះ ថ្នាក់ចរាចរណ៍ដែលកេីតមានជារៀងរាល់ថ្ងៃ។

*សូមប្រុងប្រយ័ត្នករណីក្មេងលង់ទឹក និងសត្វ អាសិរពិស ដែល បង្កឱ្យមានវិប្បដិសារីដល់ក្រុមគ្រួសារ។

*សូមចូលរួមថែរក្សា ការពារសុខសន្តិភាព ការពារ «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលជាបាវចនារបស់ជាតិដ៏រុងរឿង ហេីយជៀសវាងការជឿរាល់ ការឃោសនា របស់ជនអគតិនានា ដែលបំផ្លាញសុភមង្គល គ្រួសារ ភាពសម្បូរសប្បាយ រុងរឿងរបស់ប្រជាជន និងប្រទេសជាតិយេីង។

ទន្ទឹមនឹងនេះដែរ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ តំណាងឱ្យប្រជាពលរដ្ឋទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែង យកចិត្តទុកដាក់ឆ្លេីយតបចំពោះសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយព្រហ្មវិហារធម៌បានទាន់ពេលវេលា និងគ្មានការរេីសអេីងអ្វីទាំងអស់។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗ ទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង និងឃីត ១ (មុង១ ភួយ ១ សារុង១ ក្រមា ១ និងអាវយឺត៥ ) ៕