(ភ្នំពេញ)៖ កម្មវិធីប្រកួតជើងឯកនិយាយភាសាអង់គ្លេស SpringBoard Cambridge YLE កម្រិតកុមារ ២០១៩ គឺជាកម្មវិធីប្រកួតកម្រិតកុមារលើកទី១ ដែលបានរៀបចំឡើងដោយ SpringBoard4Society ដែលជាផ្នែកមួយនៃ SpringBoard4Education សហការជាមួយនឹងកម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English បានរកឃើញជើងឯកនិយាយភាសារអង់គ្លេសបានល្អជាងគេហើយ ដែលបានធ្វើការប្រកួតគ្នាវគ្គផ្តាច់ព្រ័ត្រនៅទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ Himawari ។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ជំនាញនិយាយភាសាអង់គ្លេសរបស់អ្នកសិក្សាវ័យក្មេង ជំរុញពួកគេឱ្យមានភាពក្លាហានហ៊ានបង្ហាញពីទេពកោសល្យខ្លួន, បង្កើនទំនុកចិត្តរបស់ពួកគេទៅលើសិល្បៈការនិយាយជាសាធារណៈ និងត្រៀមខ្លួនដើម្បីចូលរួមការប្រកួតផ្សេងៗក្នុងឆាកអន្តរជាតិនាថ្ងៃខាងមុខ។

សិស្សានុសិស្សវ័យក្មេងដែលចូលរួមក្នុងកម្មវិធី កម្មវិធីប្រកួតជើងឯកនិយាយភាសាអង់គ្លេស SpringBoard Cambridge YLE កម្រិតកុមារឆ្នាំ២០១៩ ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ បង្កើនជំនាញនិយាយភាសាអង់គ្លេស, បង្កើនសមត្ថភាពក្នុងការបង្ហាញចំណេះដឹងកសាងទំនុកចិត្តលើខ្លួនឯងឱ្យកាន់តែប្រសើរក្នុងការនិយាយជាសាធារណៈ, អភិវឌ្ឍជំនាញទន់ក្នុងការត្រិះរិះពិចារណា, ទទួលបានបទពិសោធន៍បន្ថែមទាក់ទងនឹងការនិយាយជាសាធារណៈ, ទទួលបានការប្រឡងភាសាអង់គ្លេស Cambridge Assessment English YLE កម្រិតកុមារ។

សិស្សានុសិស្សវ័យក្មេងដែលចូលរួមក្នុងកម្មវិធីដែលទទួលបានជ័យលាភីលេខ១ ក៏ទទួលបានរង្វាន់លើកទឹកចិត្តជាដំណើរកម្សាន្តជាមួយអាណាព្យាបាលម្នាក់ ទៅកាន់ប្រទេសសិង្ហបុរីចំនួន ៤ថ្ងៃ។ បេក្ខជនប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រទាំងអស់បានទទួលបានវិញ្ញាបនបត្រសម្រាប់ការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ព្រមទាំងទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនទៀត។

កម្មវិធីប្រកួតជើងឯកនិយាយភាសាអង់គ្លេស SpringBoard Cambridge YLE កម្រិតកុមារឆ្នាំ២០១៩” អាចប្រព្រឹត្តឡើងបានដោយសារមានការសហការពីអ្នកឧបត្ថម្ភជាកម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English ដែលជាកម្មវិធីប្រឡងឈានមុខគេក្នុងពិភពលោកសម្រាប់អ្នកសិក្សា និងគ្រូភាសាអង់គ្លេស។

សូមបញ្ជាក់ថា កម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English ជាផ្នែកមួយនៃសាកលវិទ្យាល័យ Cambridge ដែលជួយមនុស្សរាប់លាននាក់ក្នុងការសិក្សាភាសាអង់គ្លេស និងបង្ហាញសមត្ថភាពរបស់ពួកគេទៅកាន់ពិភពលោក។ លើសពីនេះទៅទៀត គុណសម្បត្តិនៃកម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English គឺជាការប្រឡងភាសាអង់គ្លេសស៊ីជម្រៅដែលជំរុញឱ្យកម្រិតភាសាអង់គ្លេសកាន់តែមានប្រសិទ្ធិភាព និងមានការរីកចម្រើនក្នុងការអប់រំទូទៅ ថ្នាក់ឧត្តមសិក្សា និងផ្នែកអាជីវកម្ម ព័ត៌មានបន្ថែមទូរស័ព្ទលេខ៖ 098/ 085 961 861 ៕