(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ទើបតែបានប្រកាសដាស់ឲ្យដំណើរផ្លូវការនូវម៉ាកសមូហភាព «គុយទាវភ្នំពេញ» ដែលជាប្រភេទយីហោអាជីវកម្មលើកដំបូង មានភ្ជាប់ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យគុណភាព និងស្តង់ដារអនាម័យជាក់លាក់។ ជាមួយនឹងការដាក់ឲ្យដំណើរការម៉ាកសមូហភាព «គុយទាវភ្នំពេញ» នេះត្រូវបានមន្ត្រីពាណិជ្ជកម្ម អះអាងថា នឹងជួយដល់ការរីកចម្រើនរបស់វិស័យគុយទាវនៅកម្ពុជា។

លោក អប់ រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការបង្កើតម៉ាកសមូហភាព «គុយទាវភ្នំពេញ» គឺដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ ងាយស្រួលក្នុងការចំណាំ និងជាវយកទៅបរិភោគជាមួយគុយទាវ ដែលមានម៉ាកសំគាល់ត្រឹមត្រូវ។

លោកបានលើកឡើងថា គុយទាវភ្នំពេញត្រូវបានល្បីល្បាញពេញប្រទេសកម្ពុជា និងបណ្ដាប្រទេសចំនួន ប៉ុន្ដែភ្ញៀវទេសចរជាតិ-អន្ដរជាតិ ឬអ្នកបរិភោគគុយទាវ ពេលណាដែលគាត់ចូលទៅភោជនីយដ្ឋាន ដើម្បីហូបគុយទាវភ្នំពេញនេះ គឺមានការលំបាកដោយសារតែមិនមានអ្វីដែលអាចបញ្ជាក់ថា ជាម៉ាករបស់គុយទាវភ្នំពេញឡើយ។ ជាធម្មតានៅពេលភ្ញៀវអន្ដរជាតិចូលមកកម្ពុជា តែងតែចង់ភ្លក្សរសជាតិគុយទាវភ្នំពេញនេះ ប៉ុន្ដែពួកគេមិនអាចទិញត្រឹមត្រូវឡើយ ព្រោះមិនមានសញ្ញាសំគាល់នោះឡើយ។

លោកបានបន្ដថា «ឯកឧត្តម ប៉ាន សូរស័ក្រ្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានផ្ដួចផ្ដើមកសាងម៉ាកសមូហភាព គុយទាវភ្នំពេញ ដោយគម្រោងនេះក្រោមការជួយគាំទ្រឧបត្ថម្ភពី អង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងមានកិច្ចសហការគ្នាពី សមាគមសហគមន៍ចុងភៅកម្ពុជា រួមជាមួយជំនាញការជាតិ និងអន្តរជាតិ ហើយគម្រោងនេះ បានចាប់ផ្ដើមអនុវត្តតាំងដើមឆ្នាំ២០១៨រហូតមក ដោយបានកសាងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការកសាងម៉ាកសមូហភាព គុយទាវភ្នំពេញ»

លោកបានឲ្យដឹងថា នាយកដ្ឋានកម្មសិទ្ធិបញ្ញា បានធ្វើជាប់រហូតជាមួយសមាគមចុងភៅកម្ពុជា ដើម្បីប្រមូលព័ត៌មានទាំងអស់ មកចងក្រងជាឯកសារ និងធ្វើយ៉ាងណាឲ្យគុយទាវភ្នំពេញ មានម៉ាកសំគាល់មួយច្បាស់លាស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជន នៅពេលដែលពួកគាត់ចង់ទទួលទានគុយទាវភ្នំពេញ អាចទទួលបាន និងអាចចំណាំសញ្ញាសំគាល់បាន។

លោក អប់ រ៉ាឌី បានបញ្ជាក់ថា «ម៉ាកសមូហភាពមានលក្ខណៈងាយស្រួល មានគោលបំណងទូលំទូលាយ ហើយការប្រើប្រាស់ក៏មានភាពទូលំទូលាយដែរ។ គោលដៅសំខាន់ក្នុងការបង្កើតម៉ាសមូលហភាពនេះ គឺជួយជំរុញឲ្យវិស័យគុយទាវ មានភាពល្អប្រសើរឡើង បង្កើតជាគំរូអាជីវកម្មមួយ ព្រមទាំងបង្កលក្ខណៈងាយស្រួល ឲ្យអាជីវករលក់គុយទាវ ទទួលបានផលកម្រៃពីម៉ាកសមូហភាព គុយទាវភ្នំពេញ ដូចអ្នកទាំងអស់គ្នាឃើញហើយថា សូម្បីតែឈ្មោះក៏ប្រើម៉ាកសមូហភាពផងដែរ»

លោក អប់ រ៉ាឌី ពន្យល់បន្ថែមថា ម៉ាកសមូហភាព ជាម៉ាករបស់សមាគមជាកម្មសិទ្ធិរួម សម្រាប់យកទៅប្រើប្រាស់ ហើយលក្ខណៈរបស់វានឹងមានជាបន្ដបន្ទាប់ទៀត៕