(សៀមរាប)៖ កម្មវិធីអភិវឌ្ឍន៍ខួរក្បាល និងគិតលេខរហ័សស៊ីអឹមអេ (CMA Mental Arithmetic) ដែលមាន លោកស្រីនាយិកាស្តីទី លឹម ច័ន្ទវាសនា ជាតំណាង នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះអនុស្សរណៈយោគយល់(MOU) ជាមួយសាលាវេសហ្គេត អន្តរជាតិ (WESTGATE International School) ដែលមានលោកនាយក រ័ត្ន រស្មី ជាតំណាង។

អនុស្សារណៈនេះ ធ្វើឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សនៃ សាលាវេសហ្គេត អន្តរជាតិ បានសិក្សាកម្មវិធីអភិវឌ្ឍន៍ខួរក្បាល ស៊ីអឹមអេ ឬកម្មវិធីគិតលេខរហ័ស ស្របតាមបរិបទអប់រំពិភពលោក។

លោកស្រី លឹម ច័ន្ទវាសនា នាយិកាស្តីទីនៃកម្មវិធីអភិវឌ្ឍន៍ខួរក្បាល និងគិតលេខរហ័សស៊ីអឹមអេ មានប្រសាសន៍ថា៖ កម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA Mental Arithmetic គឺជាកម្មវិធីដែលល្អជាងគេ និងទំនើបបំផុត សម្រាប់បុត្រធីតារបស់មាតា បិតា និងអាណាព្យាបាលគ្រប់ៗរូបពីព្រោះកម្មវិធី CMA Mental Arithmetic ប្រើប្រាស់បច្ចេកវិជ្ជាចំរុះក្នុងការសិក្សា និងបង្រៀន ដោយមានសៀវភៅព្រមទាំងស៊ីឌីជាង២០០ក្បាល មានវីដេអូបង្រៀនអនឡាញ មានលំហាត់អនឡាញសម្រាប់សិស្សានុសិស្សអនុវត្ត។

លោកស្រីបានបន្តថា កម្មវិធី CMA Mental Arithmetic មានការប្រឡង ប្រកួតប្រជែងថ្នាក់អន្តរជាតិ។ ជាពិសេស កាលពីថ្ងៃទី ២២ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ លោក រស់ ប៊ុនធី នាយកកម្មវិធីអភិវឌ្ឍន៍ខួរក្បាល និងគិតលេខរហ័សស៊ីអឹមអេ បានដឹកនាំសិស្សានុសិស្សចំនួន ០៦រូបចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិលើកទី១២ នៅប្រទេសសិង្ហបុរី ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ១៣៦០នាក់ ហើយជាមោទនភាពបំផុតដែលសិស្សាសិស្សកម្ពុជាយើង ទទួលបានចំណាត់ថ្នាក់លេខ ២ ចំនួន ៣នាក់ និងចំណាត់ថ្នាក់លេខ៤ ចំនួន ៣នាក់។ លើសពីនេះទៅទៀត សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលាមានគម្រោងបញ្ជូនសិស្សានុសិស្សស៊ីអឹមអេ ខេមបូឌា ចំនួន ៣០នាក់ដើម្បីចូលរួមប្រកួតប្រជែងនៅក្រៅប្រទេស។ ក្រៅពីការប្រឡង និងប្រកួតប្រជែងទាំងនេះ រៀងរាល់ ០៦ខែម្តង សាលាដែលជាដៃគូរកម្មវិធីស៊ីអឹមអេ នៅទូទាំងពិភពលោក តែងធ្វើការប្រកួតប្រជែងធ្វើលំហាត់នៅលើអនឡាញ ដែលអាចឲ្យសិស្សានុសិស្សមានឱកាសទទួលបាន មេដាយមាស ប្រាក់ សំរិទ្ធ និងប័ណ្ណសរសើរពី Headquarter។

លោកស្រី លឹម ច័ន្ទវាសនា បានបន្ថែមទៀតថា បច្ចុប្បន្ន កម្មវិធី CMA Mental Arithmetic ត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី New Zealand តៃវ៉ាន់ ចិន អារ៉ាប់រួម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន វៀតណាម ហុងកុង ឥណ្ឌា អេស៊ីប តួគី សិង្ហបុរី និងបណ្តាប្រទេសជាច្រើនទៀត។

លោកស្រីបានគូសបញ្ជាក់ថា សិស្សានុសិស្សបញ្ចប់ការសិក្សាកម្មវិធីសិក្សា CMA នឹងអភិវឌ្ឍន៍ខួរក្បាល ទាំងសងខាង សមត្ថភាពចងចាំបានល្អ សមត្ថភាពអង្កេត និងស្តាប់បានល្អ បង្កើនការផ្តោតអារម្មណ៍បានល្អ គំនិតច្នៃប្រឌិត និងភាពបត់បែនខ្ពស់ ចេះសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ គណនាលេខនព្វន្តបានឆាប់រហ័ស បង្កើនភាពឆ្លាតវៃ បង្កើតជំនឿ ជឿជាក់លើខ្លួនឯង៕