(កំពង់ធំ)៖ គណៈកម្មការរៀបចំការរត់ប្រណាំង ពាក់កណ្តាលពាក់មារ៉ាតុងកំពង់ធំ សហការជាមួយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិសំបូរព្រៃគុក និងស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ រត់ពាក់កណ្តាលពាក់មារ៉ាតុងកំពង់ធំ នៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយទាក់ទាញបានការចូលរួមពីអ្នករត់ជាតិ និងអន្តរជាតិ ប្រមាណជាង៥០០នាក់។

លោក សុខ វណ្ណា ប្រធាននាយកដ្ឋានសេវាកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា រមណីយដ្ឋានសំបូរព្រៃគុក ជារមណីយដ្ឋាន អេកូទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ឲ្យមកទស្សនាកម្សាន្ត ជាមួយនឹងសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលចូលរួមចំណែកផ្សព្វផ្សាយតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ ក៏ជាផលិតផលទេសចរណ៍ថ្មីមួយ ដែលចូលរួមចំណែកជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ខេត្តកំពង់ធំ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា និងជាកម្លាំងចលករមួយ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈវិស័យទេសចរណ៍ និងដើម្បីឆ្ពោះទៅការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកបន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍រត់មារ៉ាតុង នៅរមណីយដ្ឋានសំបូរព្រៃគុក គឺជាសកម្មភាពមនុស្សធម៌ ដែលរៀបចំឡើងក្នុងគោលបំណង សំខាន់ៗមួយចំនួនដូចជា៖ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់រមណីយដ្ឋាន សំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក, ចូលរួមអភិរក្សធនធានធម្មជាតិ វប្បធម៌ និងបរិស្ថាន នៅរមណីយដ្ឋានសំបូរព្រៃគុក ដែលជាតំបន់រមណីយដ្ឋានអេកូទេសចរណ៍, ការធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអេកូទេសចរណ៍ ស្អាត និងបៃតង, លើកកម្ពស់វិស័យទេសចរណ៍ និងកីឡា, ផ្សព្វផ្សាយសក្តានុពលកីឡាទេសចរណ៍ និងបរិស្ថានធម្មជាតិជំរុញកំណើនភ្ញៀវទេសចរតំបន់រមណីយដ្ឋានសំបូរព្រៃគុក និងតំបន់សៀមរាបអង្គរ, បង្កើនទំនាក់ទំនង ជិតស្និទរវាងភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងសហគមន៍ បង្កើនអត្ថប្រយោជន៍វិស័យទេសចរណ៍ ដល់សហគមន៍តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡា បង្កើនសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត។

លោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លើកឡើងនូវការសូមសា្វគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់កីឡាករ កីឡាការិនី ជាតិ អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កំពង់ធំ រត់ពាក់កណ្តាលម៉ារ៉ាតុង ឆ្នាំ២០១៩ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកនេះ។

លោកបញ្ជាក់ថា «ថ្ងៃនេះយើងទាំងអស់គ្នា ចូលរួមក្នុងព្រឹត្តិការណ៍កំពង់ធំ រត់ពាក់កណ្តាលម៉ារ៉ាតុង ឆ្នាំ២០១៩ ដើម្បីសប្បុរសធម៌ ភាពស្អាត និងបៃតង នៃរមណីយដ្ឋានអេកូទេសចរណ៍សំបូរព្រៃគុក ពិសេសចូលរួមផ្សព្វផ្សាយរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងឈានឆ្ពោះទៅការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣»។

លោកក៏បានសំណូមពរឲ្យកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ លើបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពតាមបទបញ្ជា បច្ចេកទេសឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ ផ្សេងៗជាយថាហេតុ។ ក្នុងឱកាសដ៏សែនមនោរម្យ និងប្រកបដោយភាពសប្បាយរីករាយ ជាមួយស្នាមញញឹមរបស់បងប្អូន ជាអត្តពលិកពោរពេញ ដោយកម្លាំងមាំមួន និងភាពស្វាហាប់ផងដែរ។

ព្រឹត្តិការណ៍កីឡាទេសចរណ៍រត់ពាក់កណ្ដាលមារ៉ាតុង នៅរមណីដ្ឋានសំបូរព្រៃគុកថ្ងៃនេះ មាន៣វិញ្ញាសា រួមមាន៖ រត់ប្រណាំងចម្ងាយ៣គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ ដែលមានកីឡាករ កីឡាការីនី ចូលរួមសរុបចំនួនជាង៥០០នាក់ ក្នុងនោះ កីឡាកររត់ចម្ងាយ១០គីឡូម៉ែត្រ មានចំនួន៦២នាក់, កីឡាកររត់ចម្ងាយ២១គីឡូម៉ែត្រ មានចំនួន៥៩នាក់, កីឡាករជនជាតិខ្មែរ ប្រហែល៨០% និងកីឡាករជនជាតិបរទេសប្រហែល២០% ជាកីឡាករ កីឡាការីនីអាជីព មកពី៦ប្រទេសផ្សេងគ្នាដូចជា Japan, France, New Zealand, America, England, Canada, China និងសិស្សសាលា ចំនួន៤០៧នាក់ មកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុក។

ការរត់ពាក់កណ្ដាលមារ៉ាតុង ជាលក្ខណៈអន្តរជាតិ នៅក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុកនេះ គឺរត់ដើម្បីស្វែងយល់ពីកីឡាមារ៉ាតុង វិស័យទេសចរណ៍ អភិរក្សធនធានធម្មជាតិ វប្បធម៌ និងសុខភាពផ្លូវកាយ ផ្លូវចិត្ត រត់ដើម្បីអភិរក្សធនធានធម្មជាតិ និងវប្បធម៌ និងស្វែងយល់ពីជីវភាពរស់នៅរបស់ពលរដ្ឋ ក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុកផងដែរ៕