(ភ្នំពេញ)៖ ក្នុងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងទៅកាន់មេដឹកនាំទាំងអស់ថា អាស៊ាន-ចិន គួររួមគ្នាខិតខំប្រែក្លាយចក្ខុវិស័យរួមឆ្នាំ២០៣០ ឲ្យទៅជាការអនុវត្តជាក់ស្តែង ដើម្បីប្រសិទ្ធភាពនៃភាពជាដៃគូយុទ្ធសាស្រ្ត ដែលមានអនាគតរួមគ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ កម្ពុជាផ្តល់សារសំខាន់ ចំពោះឯកសារចក្ខុវិស័យភាពជាដៃគូអាស៊ានចិន ឆ្នាំ២០៣០ ដែលថ្នាក់ដឹកនាំអាស៊ានចិន បានដាក់ចេញនូវការប្តេជ្ញាចិត្តរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជំរុញភាពជាដៃគូ ឲ្យកាន់តែស៊ីជម្រៅលើវិស័យសសរស្តម្ភទាំងបី គឺ នយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសង្គម វប្បធម៌។ អាស៊ាន និងចិន គួររួមគ្នាខិតខំប្រែក្លាយចក្ខុវិស័យរួមឆ្នាំ២០៣០ ឲ្យទៅជាការអនុវត្តជាក់ស្តែង ដើម្បីប្រសិទ្ធភាពនៃភាពជាដៃគូយុទ្ធសាស្រ្ត ដែលមានអនាគតរួមគ្នា។

ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអាស៊ាន-ចិន បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដ៏សំខាន់រវាងអាស៊ាន និងចិន ឲ្យកាន់តែប្រសើរឡើង និងបានទទួលនូវការលើកទឹកចិត្តចំពោះវឌ្ឍនភាព នៃការចរចាដ៏មានសារសំខាន់ ឆ្ពោះទៅកាន់ការបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព និងមានសារ:សំខាន់ ស្របតាមពេលវេលាកំណត់ ដែលបានឯកភាពដោយបណ្តាភាគី។

មេដឹកនាំអាស៊ាន-ចិន បានស្វាគមន៍ចំពោះការបញ្ចប់ការពិនិត្យពិភាក្សាជុំទី១ នៃ COC នៅខែកក្កដា ឆ្នាំ២០១៩។ មេដឹកនាំអាស៊ាន-ចិន បានផ្តល់សារ:សំខាន់លើភាពចាំបាច់ ដើម្បីរក្សាបរិយាកាស អំណោយផលសម្រាប់ការចរចា COC ហេតុដូច្នេះមេដឹកនាំអាស៊ាន-ចិនបានស្វាគមន៍ចំពោះវិធានការ ជាក់ស្តែងដែលអាចជួយកាត់បន្ថយភាពតានតឹង និងហានិភ័យដែលបង្កឲ្យមានគ្រោះថ្នាក់នានា ក៏ដូចជាការ យល់ច្រឡំ និងការគិតខុស។ មេដឹកនាំអាស៊ាន-ចិន បានបញ្ជាក់អំពីសារ:សំខាន់នៃការកសាងទំនុកចិត្ត និងវិធានការ ទប់ស្កាត់ ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់រវាងបណ្តាភាគី។ មេដឹកនាំអាស៊ាន-ចិន បានបញ្ជាក់សាជាថ្មី អំពីភាព ចាំបាច់ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ការអត់ធ្មត់ និងការចៀសវាងសកម្មភាពដែលអាចធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយអនុលោមតាមច្បាប់ អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រនៅឆ្នាំ១៩៨២។ មេដឹកនាំអាស៊ាន-ចិន បានសង្កត់ធ្ងន់អំពីសារសំខាន់ នៃការមិនធ្វើយោធូបនីយកម្ម និងការអត់ធ្មត់ក្នុងការធ្វើសកម្មភាពទាំង ឡាយ ដោយរដ្ឋទាមទារអធិបតេយ្យ និងរដ្ឋផ្សេងទៀត រួមទាំងភាគីនៃសេចក្តីថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង ដែលអាចបង្កភាពស្មុគស្មាញ និងបង្កើនភាពតានតឹង នៅសមុទ្រចិនខាងត្បូង។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន-ចិន បានឈានទៅចេញសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២ ការអនុម័តសេចក្តីប្រកាសរួម ស្តីពីការពង្រឹងការផ្លាស់ប្តូរបណ្តាញព័ត៌មាន និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន។

សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានចិន ស្តីពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការទីក្រុងឆ្លាត។

សេចក្តីប្រកាសអាស៊ាន-ចិន ស្តីពីការធ្វើសហកម្មផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) និងគំនិតផ្តួចផ្តើមផ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន (BRI)។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន-ចិន ក៏បានកត់សម្គាល់ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាព (២០១៦-២០២០)៕