(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ការផ្អាកចរាចរណ៍ឆ្លងកាត់ ស្ពានបេតុងគៀនជ្រៃ ជាបណ្តោះអាសន្ន ស្ថិតក្នុងភូមិគៀនជ្រៃ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ដោយសារមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក្នុងភូមិសាស្ត្រភូមិគៀនជ្រៃ ក្នុងឆ្នាំ២០១៩នេះ ស្ពានគៀនជ្រៃ ក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទទួលរងនូវស្ថានភាព ទ្រុឌទ្រោមជាខ្លាំង ប្រឈមនឹងហានិភ័យខ្ពស់ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អ្នកចរាចរឆ្លងកាត់គ្រប់ពេលវេលា។

ក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន បានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចល័តគ្រឿងចក្រ ហើយនឹងចាប់ផ្តើមធ្វើការស្ថាបនាផ្លូវវាងចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះតទៅ ដើម្បីសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ ក្រសួងបាននិងកំពុងធ្វើការសិក្សាលក្ខណៈបច្ចេកទេស ដើម្បីធ្វើការជួសជុល ឬស្ថាបនាស្ពានថ្មី ឲ្យបានឆាប់បំផុត។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងអភិវឌ្ឍន៍ជនបទ៖