(ភ្នំពេញ)៖ អគ្គមេបញ្ជាការ នៃកងយោធខេមរភូមិន្ទស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះដំណើរទស្សនកិច្ចរបស់ឧត្ដមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់យ៉ាង ប្រធានអគ្គសេនាធិការកងទ័ព ប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូរបស់លោកមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះពិតជាបាននាំមកនូវ ការពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីប្រវត្តិសាស្ត្រ រវាងកងទ័ពយើងទាំងពីរ ក៏ដូចជាការបង្កើន នូវការរិតចំណងសាមគ្គីភាព នៃប្រទេសទាំងពីរ។

ជាកិច្ចបន្ត នាយឧត្តមសេនីយ៍ បានកោតសសរសើរ នូវរាល់កិច្ចការងារដែលបានធ្វើល្អកន្លងមក ដែលកងទ័ពទាំងពីរធ្វើបាន ហើយបានអនុវត្តទៅតាមការចុះហត្ថលេខាជាប្រចាំឆ្នាំ របស់រដ្ឋមន្ត្រីការពារប្រទេសទាំងពីរ។ ក្នុងនោះដែរ នាយឧត្តមសេនីយ៍ បានបន្ថែមថា យើងត្រូវបន្តនូវការយកចិត្តទុកដាក់ដូចជា៖

*ទី១៖ ការផ្លាស់ប្ដូរពត៌មាន រួមគ្នាបង្ក្រាបនូវបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងចូលរួមនៅក្នុងកិច្ចការងារ គ្រោះមហន្តរាយ នៅតាមព្រំដែនកម្ពុជា-វៀតណាម
*ទី២៖ សូមអោយភាគីមិត្តនៅបន្តជួយហ្វឹកហ្វឺន ធនធានមនុស្ស ដល់កងយោធពលខេមរភូមិន្ទ
*ទី៣៖ សហការល្បាតរួមគ្នានៅតាមព្រំដែនគោក និងទឹក ដើម្បីធានាសន្តិសុខ សុវត្ថិភាពនៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ
*ទី៤៖ ការផ្លាស់ប្ដូរទស្សនកិច្ច ពីថ្នាក់ដឹកនាំ រហូតដល់ជំនាញ និងបន្តសហការការរុករកអដ្ឋិធាតុ នៃកងទ័ពវៀតណាម ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា
*ទី៥៖ ចូលរួម នឹងគាំទ្រការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ឱ្យបានល្អ និងឆាប់ចប់នូវបង្គោលដែលសេសសល់។

នាយឧត្តមសេនីយ៍ ក៏បានរំលឹកទៅដល់ប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវរួមសហការការងារជួយសង្គ្រោះគ្រោះមហន្តរាយ និងមនុស្សធម៌នៅតាមបន្ទាត់ព្រំដែន ដើម្បីបង្កើនបានទៅលើចំណងមិត្តភាពឲ្យបានល្អ។ នាឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានសូមណូមពរឲ្យកងទ័ពទាំងពីរ ប្រកួតកីឡាសាមគ្គី ហើយក៏មានការចូលរួម សប្បាយពីប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាប្រជាជនបានផ្លាស់ប្តូរនៅទំនិញ និងទេសចរណ៍ទៅវិញទៅមកផងដែរ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍ និងមានសុខសន្តិភាព។

អគ្គមេបញ្ជាការ គាំទ្រ និងចូលរួមសហការក្នុងការអញ្ជើញទៅចូលរួមទស្សនាការ តាំងពីពណ៌កងទ័ព លើវិស័យការពារជាតិ ក៏ដូចជាខួបលើកទី៧៥ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម៕