(ក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះដឹកនាំកម្លាំងដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងហាមឃាត់មិនឲ្យបងប្អូនអាជីវករលក់ដូរ នៅតាមផ្លូវមាត់ទន្លេនៅផែលើ សង្កាត់ក្រចេះ ដើម្បីកំឲ្យកកស្ទះចរាចរណ៍ និងធ្វើឲ្យទីក្រុងមានសោភ័ណភាពល្អ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងក្រចេះ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅ បានជូនដំណឹងដល់បងប្អូនអាជីវករទាំងអស់ ដែលមានទីតាំងលក់ដូរនៅផែលើ (មាត់ទន្លេ) ទាំងអស់អញ្ជើញបងប្អូនមកប្រជុំដើម្បីចាប់ឆ្នោតលេខរៀងតូបនៅថ្ងៃទី១៤ ខែតុលា។

រដ្ឋបាលក្រុងបានរៀបចំការចាប់ឆ្នោតតាមលំដាប់លេខរៀងតូប ជូនបងប្អូនអាជីវកររួចរាល់ហើយ ប៉ុន្តែមានបងប្អូនមួយចំនួនមិនបានមកចាប់ឆ្នោត ដូចនេះរដ្ឋបាលក្រុងក្រចេះ តម្រូវឲ្យបងប្អូនអាជីវករ ដែលទទួលបានលេខរៀងតូបរបស់ខ្លួនរួចហើយ និងបងប្អូនអាជីវករមួយចំនួនទៀត មិនទាន់បានចាប់ឆ្នោតយកលេខរៀងតូប រដ្ឋបាលក្រុងសូមឲ្យបងប្អូនអនុវត្តន៍ដូចខាងក្រោម៖

*ទី១៖ ចំពោះបងប្អូនអាជីវករដែលបានចាប់ឆ្នោតរួចរាល់ ហើយត្រូវចូលទៅលក់នៅទីតាំងរបស់ខ្លួនចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ តទៅបើបងប្អូនអាជីវករណា អាជីវករណាមិនព្រមទៅលក់នៅទីតាំងរបស់ខ្លួននោះ មានន័យថា បងប្អូនបោះបង់សិទ្ធិទទួលយកតូប

*ទី២៖ ចំពោះបងប្អូនចំនួន៣៧នាក់ ដែលមានឈ្មោះក្នុងបញ្ជី មិនបានចូលរួមចាប់ឆ្នោតយកលេខរៀងតូបកាលពីថ្ងៃទី១៤ ខែតុលា ត្រូវមកទំនាក់ទំនងជាមួយរដ្ឋបាលក្រុងក្រចេះ រៀងរាល់ម៉ោងធ្វើការ ដើម្បីទទួលយកលេខរៀងតូបចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី៣០ ខែតុលា បើបងប្អូនមិនមកទំនាក់ទំនងជាមួយរដ្ឋបាលក្រុងមានន័យថា បងប្អូនបោះបង់សិទ្ធក្នុងការទទួលយកតូប

*ទី៣៖ ចំពោះបងប្អូនអាជីវករដែលបានចាប់ឆ្នោតបានហើយចាប់ពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០១៩ ប្រសិនបើបងប្អូនមិនព្រមចូលលក់នៅទីតាំងថ្មីរបស់ខ្លួន នោះទេគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ផែលើ និងដកសិទ្ធិក្នុងការគ្រប់គ្រងតូប។

លោក ជាក់ ម៉េងហ៊ាង នៅព្រឹកថ្ងៃទី៣១ ខែតុលា បានបញ្ជាក់ថា អាជ្ញាធរបានរៀបជូនដំណឹងដល់ប្អូនជាច្រើនលើកច្រើនសារ ដោយបានរៀបចំកន្លែងឲ្យពួកគាត់សម្រាប់លក់ដូរ តែមានបងប្អូនមួយចំនួននៅតែបន្តលក់ដូរតាមផ្លូវ ហើយ លោកនឹងខិតខំធ្វើយ៉ាងណាឲ្យបងប្អូនចូលចាប់ឆ្នោតឲ្យអស់របស់គណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ខេត្ត និងក្រុង។

បើតាមលោក ជាក់ ម៉េងហ៊ាង, លោកអភិបាលខេត្តបានចាត់រូបលោក ជាប្រធានគណៈកម្មការរៀបចំកន្លែងផែលើ ឲ្យបានសមស្រប ព្រោះថា បងប្អូនអាជីវករលក់បន្លែ លក់ត្រីសាច់នៅលើផ្លូវដែលគ្មានសណ្ដាប់ធ្នាប់ ហើយអាជ្ញាធរបានរៀបចំទីតាំងឲ្យលក់សមស្រប ប៉ុន្តែកន្លែងនោះដោយសារទំហំដីតូចជាងចំនួនមនុស្ស ចេញចូលៗ គឺថាយើងជួបបញ្ហាដោយដីមានកំណត់មនុស្សមានច្រើនលើសដី ពេលបែងចែកទៅមិនបានចំនួនដែលគាត់ពេញចិត្ត គាត់ចេះប្រឆាំងគាត់ចង់លក់ស្រាច់តែចិត្ត។

លោកបន្តទៀតថា ក្នុងនាមអាជ្ញាធរត្រូវខិតខំយ៉ាងណា បន្តរៀបចំសណ្ដាប់ធ្នាប់ឲ្យល្អដែលនៅសេសសល់ ហើយថ្ងៃនេះដែរគណៈកម្មការ និងបន្តរុះរើដែលដាក់តុកៅអីគ្មានសណ្ដាប់ធ្នាប់
នៅកន្លែងទីប្រជុំជនដូចជា សម្រាមដោយសារពួកគាត់មិនចូលរួម ហើយអាជ្ញាធរធ្វើយ៉ាងណារៀបរយឲ្យមានសណ្ដាប់ធ្នាប់សន្តិសុខល្អ នៅក្នុងខេត្តជាមុខមាត់របស់ខេត្តយើង ហើយអាធរសង្ឃឹមថា ក្រោយពីរៀបចំទៅយើងនឹងទទួលបានផ្ការំដួង៣ទង នៅពេលដែលប្រគួតប្រជែងវិស័យទេសចរណ៍៕