(ភ្នំពេញ)៖ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង១០៖៣០នាទីយប់ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩។ ការអញ្ជើញបំពេញទស្សនកិច្ចរបស់ លោកប្រធានាធិបតីហុងគ្រី បានធ្វើឡើងតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីជាមកដល់ប្រទេសកម្ពុជាទាំងយប់ ជាមួយយន្តហោះឯកជនមកពីទីក្រុងបាងកកយ៉ាងណាក្តី ប៉ុន្តែលោកប្រធានាធិបតី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីជានខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នោះគឺ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង ព្រមទាំងឥស្សរជនមួយចំនួនទៀត។ ចំណែកសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសស្វាគមន៍ លោកប្រធានាធិបតី និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាផងដែរ។

ជាថ្ងៃដំបូងសម្រាប់ទស្សនកិច្ចនេះ គឺនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៩៖៣០នាទីព្រឹក លោក យ៉ាណូស អាឌ័រ (Janos Ader) និងភរិយា បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។

បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ លោកប្រធានាធិបតីហុងគ្រី បានបន្តចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យ។

រហូតដល់រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក យ៉ាណូស អាឌ័រ បានចូលជួបសម្តែងការគួរសមចំពោះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។ ក្នុងជំនួបនោះប្រធានាធិបតីសាធារណរដ្ឋហុងគ្រី បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកអះអាងថា ហុងគ្រីមានបំណងចង់ឱ្យក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យា និងបុរាណវិទូរបស់ខ្លួន មកសិក្សាស្រាវជ្រាវអំពីអរិយធម៌នៅកម្ពុជា តាំងពីសម័យមុនអង្គរ និងសម័យអង្គរ។

បន្ទាប់ពីនោះ លោកបានបន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ នៅក្នុងជំនួបនោះដែរ លោកប្រធានាធិបតី ក៏បានកោតសរសើរថា «ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា មានការវិវត្តខ្លាំង ក្នុងការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិបានដើរតួនាទីយ៉ាងសំខាន់ក្នុងអនុម័តច្បាប់។ ចំណែក សម្តេច សាយ ឈុំ បានផ្តាំផ្ញើសួរសុខទុក្ខ ជូនលោកប្រធានរដ្ឋសភាហុងគ្រី និងសូមគោរពអញ្ជើញលោកប្រធានរដ្ឋសភាហុងគ្រី ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប (ASEP) នៅឆ្នាំ២០២០ នៅកម្ពុជា។

ជំនួបពិភាក្សាការងាររវាង លោក យ៉ាណូស អាឌ័រ (Janos Ader) ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមនៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្នុងវិមានសន្តិភាព។ នៅក្នុងជំនួបនោះ មានកិច្ចពិភាក្សាលើ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួមរបស់មេដឹកនាំទាំងពីរ។

នៅក្នុងជំនួបនោះ ប្រធានាធិបតីហុងគ្រី យ៉ាណូស អាឌ័រ ដែលជាប្រទេសមួយនៃសមាជិកសហភាពអឺរ៉ុបដែរនោះ បន្តប្រកាសប្រឹងប្រែងជួយការពារប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជានៅលើទីផ្សារអឺរ៉ុប មិនឱ្យមានការដកដូចការព្រមានរបស់គណៈកម្មការអឺរ៉ុបនោះឡើយ។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន, លោក យ៉ាណូស អាឌ័រ (Janos Ader) បានសន្យាបញ្ជូននូវអ្នកជំនាញមកជួយកម្ពុជា លើបញ្ហាទឹកស្អាត និងការកំណល់រឹងរាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀត។

លុះយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ប្រធានាធិបតីហុងគ្រី លោក យ៉ាណូស អាឌ័រ (Janos Ader) និងភរិយា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅថ្ងៃដំបូងហើយនោះ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ លោក យ៉ាណូស អាឌ័រ (Janos Ader) និងភរិយា បានអញ្ជើញទៅទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន នៅក្នុងខេត្តសៀមរាប។

ក្នុងពេលបំពេញទស្សនកិច្ចនៅខេត្តសៀមរាបនេះ លោក យ៉ាណូស អាឌ័រ និងភរិយា បានទស្សនាព្រះអាទិត្យរះ នៅលើប្រាសាទអង្គរវត្ត ព្រមទាំងបានទស្សនាប្រាសាទបន្ទាយស្រី ប្រាសាទព្រះគោ សារៈមន្ទីរជាតិ និងសិប្បកម្មអាទីសង់អង្គរផងដែរ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា តាមរយៈទស្សនាតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប លោកប្រធានាធិបតី និងភរិយា បានសម្តែងការកោតសរសើរភាពដ៏អស្ចារ្យ នៃតំបន់ទេសចរណ៍ខេត្តសៀមរាប-អង្គរ និងសន្យាជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍នេះ ដល់ភ្ញៀវទេសចរជនជាតិហុងគ្រី មកទស្សនាខេត្តសៀមរាបកាន់តែច្រើនបន្ថែមទៀត។

បន្ទាប់ពីបានទស្សនាប្រាសាទខ្មែរនៅខេត្តសៀមរាបអស់រយៈពេល២ថ្ងៃ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា ព្រមទាំងគណៈប្រតិភូ បានចាកចេញពីកម្ពុជា នៅម៉ោង៧៖៣៥នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩៕