(ភ្នំពេញ)៖ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានចេញមកប្រកាសថា បច្ចុប្បន្នពលករខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារតាមធម្មតា ពុំមានការធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជា ជាគំហុក ដូចដែលសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។

ស្ថានទូតកម្ពុជា បានអះអាងទៀតថា ភាគីថៃ ក៏កំពុងតែដំណើរការបន្តទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារជូនដល់បងប្អូនពលករអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃបន្តទៀតបាន រហូតដល់ឆ្នាំ២០២២។ ដូចនេះសូមពលករទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារជាធម្មតា កុំជឿតាមការផ្សព្វផ្សាយ និងការញុះញង់ របស់សារព័ត៌មានមួយចំនួន ដែលជាហេតុបង្កឲ្យបងប្អូនខាតបង់ថវិកា ពេលវេលា និងអាចត្រូវនិយោជក បញ្ឈប់ពីការងារទៀតផង។

គួរជម្រាបថា ការចេញមកអះអាងរបស់ស្ថានទូតកម្ពុជា នៅប្រទេសថៃបែបនេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការចុះផ្សាយដោយយករូបភាព និងឃ្លឹបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យពលករបរទេសរបស់អាជ្ញាធរថៃ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនវិលត្រឡប់ ទៅចូលរួមបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់បងប្អូនពលករនាពេលកន្លងមក មកធ្វើការផ្សព្វផ្សាយឡើងវិញ ក្នុងគោលបំណងបង្កការភ្ញាក់ផ្អើល និងអូសទាញឲ្យពលករត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីកេងចំណេញផ្នែកនយោបាយ៕