(សៀមរាប)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩កាលពីម្សិលមិញ ក្បួនធម្មយាត្រាលើកទី២ ក្នុងដែនដីទាំង៥ នៃតំបន់ទន្លេមេគង្គ បានបញ្ចប់ដោយជោគជ័យ នៅលើទឹកដីខេត្តសៀមរាបមហានគរ ដែលជាទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌមនុស្សលោក ដោយមានកម្មវិធីដាំដើមពោធិ៍ព្រឹក្សា (នៅវត្តពោធិវង្ស), ពិធីធម្មយាត្រា និងប្រគល់ពានធម្មយាត្រាជូនសម្ដេចពិជ័យសេនា ជានិមិត្តរូប, ពិធីដាក់បាត្រ, ពិធីបិទកម្មវិធីធម្មយាត្រា, និងមានពិធីបួងសួងសុំសេចក្ដីសុខ នៅខាងមុខប្រាសាទអង្គរវត្តផងដែរ។

ពិធីនេះគឺស្ថិតក្នុងព្រះអធិបតីភាពរបស់សម្ដេចព្រះអគ្គសង្ឃរាជាធិបតី ទេព វង្ស, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានវត្តមានពីលោក អ៊ិតធិផុន ឃុនផ្លឹម រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ, ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី, ព្រមទាំងលោក ទៀ សីហា អភិបាលខេត្តសៀមរាប, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមនិងវត្តមានលោក លោកស្រី ជាអាជ្ញាធរដែនដី តំណាងអង្គភាព/ស្ថាប័ន ព្រះសង្ឃ ភ្ញៀវជាតិ-អន្តរជាតិ រាប់ពាន់អង្គ/អ្នក បានចូលរួម ក្នុងពីទាំងនេះផងដែរ។

សូមបញ្ជាក់ថា ការរៀបចំធម្មយាត្រា ក្នុងដែនដីទាំង៥ នៃតំបន់ទន្លេមេគង្គកើតឡើង ដោយចេតនា និងបំណងដ៏បរិសុទ្ធដើម្បីសហការរួមសាមគ្គីផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានិងគ្នាស្វែងយល់ ពីពុទ្ធវប្បធម៌ ប្រពៃណីយ៍នៃព្រះពុទ្ធសាសនិកតាមតំបន់ទន្លេមេគង្គ ក្នុងគោលបំណងឱ្យពុទ្ធសាសនិកនាំយកពុទ្ធឱវាទមេរៀនរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់មកប្រតិបត្តិគ្រប់ពេលវេលា។

ការធ្វើដំណើរធម្មយាត្រានេះ មានចម្ងាយផ្លូវប្រហែល ២៤០០គីឡូម៉ែត្រ ចំណាយពេលអស់ ១៨ថ្ងៃ នៅក្នុងប្រទេសទាំង៥ ដូចជា៖ ថៃ, ភូមា, វៀតណាម, ឡាវ និងកម្ពុជា ដោយបានចាប់ផ្ដើមចេញដំណើរពីវត្តព្រះធាតុផាង៉ោ ស្រុកឈៀងសែន ខេត្តឈៀងរ៉ាយ ប្រទេសថៃ ហើយមកបិទបញ្ចប់កម្មវិធីនៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប។

គណៈធម្មយាត្រា ដែលបានចូលរួមធ្វើដំណើរជាមួយគ្នារហូតមកនោះ មានព្រះសង្ឃ, ឧបាសក, ឧបាសិកា, និងអ្នកសារព័ត៌មាន ទាំង៥ប្រទេស សរុបទាំងអស់មានចំនួន ១២០អង្គ/នាក់ និងចូលរួមដាំដើមព្រះសិរីមហាពោធិ៍ ចំនួន១៦ដើម៕