(ពោធិ៍សាត់)៖ លេចវត្តមានហ្វូងសត្វកុករាប់ពាន់ក្បាល នៅអាងព្រះពន្លៃ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល និងបង្កើតក្ដីរំភើបរីករាយយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសអាជ្ញាធរ ខេត្ត ស្រុក និងភ្ញៀវទេសចរ មានបំណងចង់ទៅគយគន់មើលសត្វទាំងនោះ។

លោក ចេង ប៊ុនលេខ អភិបាលរងស្រុកតាលោសែនជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ហ្វូងសត្វកុកទាំងនេះ បានមករស់នៅក្នុងបឹងធម្មជាតិព្រះពន្លាជ័យ (ឬបឹងព្រះពន្លៃ) កាលពីដើមខែតុលា ឆ្នាំ២០១៩មកម្ល៉េះ ដែលដំបូងមានល្មមទេ មកដល់ពេលនេះ កើនឡើងជាលំដាប់ រហូតរាប់លានក្បាល។

លោកអភិបាលរងស្រុកបន្តថា បងប្អូនប្រជាពលរដ្ឋ អាចមកទស្សនាមើលពួកវា នៅពេលព្រលឹមអុរ ឬពេលជិតអសង្គត។ បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ (ក្រាលកៅស៊ូ) ពីផ្លូវជាតិលេខ៥ ស្ពានស្វាយអាត់ កាត់បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង ទៅដល់ឃុំសំរោង បត់ស្ដាំឆ្ពោះទៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ នឹងឃើញហើយ។

លោក ចេង ប៊ុនលេខ បានបន្ថែមថា នៅពេលថ្ងៃ ពួកវាបានហើរទៅរកចំណីនៅកន្លែងផ្សេង លុះម៉ោង៥ល្ងាចទើបត្រឡប់មកវិញ ដោយហើរខ្វែងខ្វាតជុំវិញមាត់បឹង និងជុំវិញទំនប់ដំណាក់ឈើក្រម រួចក៏ដេកនៅលើដើមឈើ ពេញក្នុងផ្ទៃបឹងព្រះពន្លៃតែម្តង។

ជាមួយគ្នានោះ លោកអភិបាលរងស្រុក ក៏បានអំពាវនាវ ដល់សមត្ថកិច្ចជំនាញ មន្ត្រី និងប្រជាពលរដ្ឋ សហការជួយទប់ស្កាត់បង្ក្រាបបទល្មើស ដើម្បីឲ្យសត្វទាំងនោះ រួចផុតពីការយាយី ពីសំណាក់ជនខិលខូច៕