(សៀមរាប)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទអង្គវិបស្សនាការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន នៅខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បាននាំនូវសេចក្តីសួរសុខទុក្ខ និងក្តីនឹករលឹក របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ជូនចំពោះមន្រ្តី បុគ្គលិកអាជ្ញាធរមីន និងភាគីពាក់ព័ន្ធវិស័យសកម្មភាពមីនទាំងអស់នៅកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ អស់ពីកម្លាំងកាយ កម្លាំងចិត្ត មិនខ្លាចការនឿយហត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃអាជ្ញាធរមីនទាំងអស់ នាពេលកន្លងមកនេះ។

លោកទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាជ្រាលជ្រៅដល់អង្គការ UNDP NPA UNICEF ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ដែលបាននិងកំពុងគាំទ្រ ដល់រាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីន ដើម្បីចូលរួមចំណែកសង្រ្គោះជីវិតប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីគ្រោះថ្នាក់ ដោយសាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានណែនាំ និងជំរុញឲ្យមន្រ្តី បុគ្គលិកគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរមីន ត្រូវបន្តរួមគ្នាសាមគ្គីគ្នាជាថ្លុងមួយ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបង្កើតនៅកម្មវិធី និងសកម្មភាពថ្មីៗ ថែមទៀត ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តសកកម្មភាពមីន ២០១៨-២០២៥ គោលនយោបាយវិសកម្មភាពមីន និងចរាចរណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ទេសដ្ឋមន្រ្តី ក៏បានរំលឹកដាស់តឿនដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ទាំងអស់ នៃអាជ្ញាធរមីន ត្រូវមានជំនឿ និងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបន្តគាំទ្រសម្តេច ដើម្បីសម្តេចបន្តរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ។

លោកបានលើកឡើងថា សន្តិភាព គឺវាមានតម្លៃថ្លៃណាស់ ដែលសម្តេចតេជោ បានលះបង់គ្រប់បែបយ៉ាងទើបនាំយកសន្តិភាពនេះមកជូនជាតិ មាតុភូមិបាន ហើយបើគ្មានសន្តិភាព គឺយើងគ្មានអ្វីៗទាំងអស់ គឺមានតែសង្គ្រាម ការវិនាសហិនហោច និងធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនៅទុក្ខវេទនាតែប៉ុណ្ណោះ ដូចប្រទេសកម្ពុជាយើង ធ្លាប់បានជួបប្រទះនាពេលកន្លងមកនេះ។ ទេសរដ្ឋមន្រ្តី ក៏បានណែនាំមិនឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ទាំងអស់ពាក់ព័ន្ធជាមួយក្រុមក្បាត់ជាតិ ដែលកំពុងតែប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធ្វើរដ្ឋប្រហាររដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ជាដាច់ខាត៕