(ភ្នំពេញ)៖ លោក Mikami MASAHIRO ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍបានយ៉ាងឆាប់រហ័ស ហើយក្នុងបេសកកម្មរបស់លោកនៅកម្ពុជា លោកនឹងខិតខំជំរុញឱ្យទំនាក់ទំនងទ្វេភាគី រវាងប្រជាជន និងប្រទេសទាំងពីរ កាន់តែល្អប្រសើរបន្ថែមទៀត។

ការប្តេជ្ញាបែបនេះរបស់លោក Mikami MASAHIRO បានធ្វើឡើងនៅក្នុងឱកាសដែលដែលលោកត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះដែរ លោក Mikami MASAHIRO ក៏បានថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាត ឱ្យលោកបានចូលជួបសម្តែង ការគួរសមនាពេលនេះ។

ឯកអគ្គរាជទូតជប៉ុនថ្មីរូបនេះ ក៏បានលើកឡើងនៅចំពោះមុខសម្តេចពិជ័យសេនាថា បើប្រៀបធៀបពីកាលដែលលោកធ្លាប់ បានមកស្គាល់ប្រទេសកម្ពុជា ជាយូរមកហើយនោះ មកដល់ពេលបច្ចុប្បន្ននេះ លោកសងេ្កតឃើញថា ប្រទេសកម្ពុជា មានការរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ប្រទេសកម្ពុជាធ្លាប់ មានសង្គ្រាមដ៏រាំរ៉ៃជាច្រើនទសវត្សរ៍ ហើយបច្ចុប្បន្ន ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍ។

លោក Mikami MASAHIRO ក៏បានសម្តែងនូវការអបអរសាទរ និងសេចក្តីរីករាយជាមួយ នឹងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍកាន់តែល្អប្រសើរឡើងនោះ។

ជាការឆ្លើយតបសម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការអបអរសាទរ និងស្វាគមន៍ ចំពោះលោក Mikami MASAHIRO ដែលត្រូវព្រះចៅអធិរាជ នៃប្រទេសជប៉ុន តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំកម្ពុជា។

ប្រមុខការពារជាតិ មានជំនឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរាជទូត នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងបន្តចំណងមិត្តភាព និងសហប្រតិបត្តិការ ដោយខិតខំជំរុញឱ្យមានការផ្លាស់ប្តូរ ទៅវិញទៅមកលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគតទៀត៕