(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ខណៈកំពុងហាត់ហ្វឹកហ្វឺនរំលឹកឡើងវិញនូវមុខជំនាញ ក្នុងការចុះអន្តរាគមន៍ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា វគ្គហ្វឹកហ្វឺនរបស់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនាពេលនេះ គឺធ្វើឡើងគ្រាន់តែរំលឹកនូវអ្វីដែលកងកម្លាំង បានហ្វឹកហាត់ពីមុនមក ហើយក៏អាចហៅថា ជាវគ្គបំប៉នផ្ដល់មុខជំនាញបន្ថែមថ្មី ទៅតាមគោលការណ៍ណែនាំ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យកងកម្លាំងមានគោលជំហរ និងទឹកចិត្តក្លៀវក្លាមោះមុត ក្នុងការបំពេញភារកិច្ច ដើម្បីការពារបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលខេត្ត បានបន្តថា កម្លាំងនគរបាលជាតិ គឺជាមន្ត្រីអនុវត្តច្បាប់ ហើយប្រការសំខាន់ របស់កម្លាំងសមត្ថ កិច្ចធាតុផ្សំដែលអាច សម្រេចភារកិច្ច គឺកម្លាំងយើងត្រូវមានកាយសម្បទារឹងមាំ និងទឹកចិត្តក្លៀវក្លាមុះមុត ទើបឈានទៅសម្រេចបានគោលដៅ ដែលអង្គភាពបានសម្រេច ហើយកម្លាំងសមត្ថកិច្ច ក៏បានទទួលមកវិញនូវការសាទរពីសំណាក់ប្រជាពលរដ្ឋ ចំពោះសកម្មភាពការបំពេញការងារ របស់កម្លាំងសមត្ថកិច្ចជំនាញ ប្រកបដោយការទទួលខុសត្រូវ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា សកម្មភាពនៃការហ្វឹកហ្វឺននេះផងដែរ សមត្ថកិច្ចយើងត្រូវធ្វើជាប្រចាំមានលក្ខណៈវិលជុំនៅក្នុងក្របខណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងអធិការដ្ឋានគរបាលនៅតាមក្រុង-ស្រុក ផងដែរ៕