(កណ្តាល)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តកណ្តាល ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។

វេទិកាសន្ទនានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកដល់ការផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដើម្បីឱ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តកណ្តាលបានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការជាមួយភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។

វេទិកាសន្ទនានេះក៏បានបើកទូលាយឱ្យអង្គការសង្គមស៊ីវិលនិងអាជ្ញាធរពាក់ព័ន្ធបានជជែកពិភាក្សាដោយត្រង់ទៅត្រង់មក អំពីបញ្ហាប្រឈមនិងសំណូមពរជាច្រើន ដែលអង្គការសង្គមស៊ីវិលបានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក ដើម្បីស្វែងរកដំណោះស្រាយសមស្របជាមួយគ្នា។

នៅខេត្តកណ្តាលក៏ដូចជានៅខេត្តដទៃទៀតដែរ លំហសេរីភាពក្នុងវិស័យសង្គមស៊ីវិលបាននិងកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ ដែលបានឆ្លុះបញ្ចាំងតាមរយៈការពិភាក្សាយ៉ាងផុសផុលរវាងអាជ្ញាធរពាក់ព័ន្ធនិងតំណាងអង្គការសង្គមស៊ីវិលក្នុងនៅវេទិកាសន្ទនានេះ ហើយការបង្កើតឱ្យមានកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ ជាមួយនឹងអង្គការសង្គមស៊ីវិល បានបង្កលក្ខណៈល្អប្រសើរក្នុងទំនាក់ទំនងរវាងអាជ្ញាធរថ្នាក់ក្រោមជាតិនិងអង្គការសង្គមស៊ីវិល ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។
ជាងនេះទៀត លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពដៃគូដោយឆន្ទៈស្មោះត្រង់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវគោរពច្បាប់ជាធរមាន រួមមានការប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងការចុះបញ្ជីពន្ធដារ ក៏ដូចជាត្រូវបន្តចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ថែមទាំងបានជំរុញឱ្យអង្គការសង្គមស៊ីវិលធ្វើសង្គតិភាពផែនការការងាររបស់ខ្លួន ឱ្យស្របតាមផែនការអភិវឌ្ឍន៍និងវិនិយោគថ្នាក់មូលដ្ឋាន ដោយសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន។

លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមថា អង្គការសង្គមស៊ីវិលទាំងអស់ត្រូវទទួលស្គាល់គុណតម្លៃរួមរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ដែលតែងបានសហការអនុវត្តការងារជាមួយគ្នានាពេលកន្លងមក និងបានសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យមានសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាបានផ្តល់នូវការសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល អាចចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។

ក្នុងឱកាសនេះដែរ លោកអភិបាលខេត្តកណ្តាលបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិលនាពេលកន្លងមក និងបានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបន្តផ្តល់ការសម្របសម្រួលដល់អង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។