(ស្វាយរៀង)៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានប្រាប់ដល់អតីតយុទ្ធជនទូទាំងខេត្ត ឱ្យចូលរួមថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងកុំជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិ។

ការលើកឡើងបែបនេះរបស់លោក ហែម ពិសិដ្ឋ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងពិធីចាប់ឆ្នោតទទួលលេខរៀងផ្ទះ គ្រួសារអតីតយុទ្ធជន ចំនួន២០០ខ្នង ជំហានទី២ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានការចូលរួមពីលោកបេង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីបងប្អូនអតីតយុទ្ធជនជាច្រើននាក់ផងដែរ។

លោក ហែម ពិសិដ្ឋ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខទុក្ខ របស់អតីតយុទ្ធជនជាចម្បង។ ជាពិសេស បានបែងចែកដីសម្បទានសង្គមកិច្ច និងការកសាងសង់ផ្ទះ ជូនបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តស្វាយរៀង របស់យើងដែលបានអនុវត្តជោគជ័យ នៅជំហានទី១ និងកំពុងបន្តអនុវត្តជំហានទី២ នាពេលបច្ចុប្បន្ននេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដែលសម្តចបានអញ្ជើញ នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការកម្លាំងប្រដាប់អាវុធខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកបានបន្ថែមទៀតថា ជាការពិត អាស្រ័យដោយយើងអនុវត្តបានជោគជ័យនៅក្នុងជំហានទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាត ឱ្យរដ្ឋបាលខេត្ត ក៏ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តសហការអនុវត្តគម្រោងបែងចែក ដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះចំនួន ២០០ខ្នង នៅក្នុងជំហានទី២នេះ ដើម្បីផ្តល់ជូនស្របតាមតម្រូវការ និងសេចក្តីត្រូវការចាំបាច់ក្នុងការសាងសង់ សម្រាប់ជីវភាពគ្រួសារ ជូនដល់បងប្អូនគ្រួសារអតីតយុទ្ធជន នៅក្នុងខេត្តស្វាយរៀង របស់យើងបន្ថែមទៀត។

លោកបានបន្ថែមថា ទាំងនេះ គឺរឹតតែបានបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកមិនបំភ្លេច និងនៅតែចងចាំជានិច្ច អំពីគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់អតីតយុទ្ធជនទាំងអស់ ដែលបានលះបង់នូវពេលវេលា សេចក្តីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះជាតិនិងប្រជាជនឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។

លោកបន្តថាឆ្លើយតបមកវិញនូវការគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនទាំងអស់ តាមរយះការសម្របសម្រួលបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក៏ដូចជាការផ្តល់ដី និងផ្ទះសម្រាប់ស្នាក់នៅ ដូចដែលខេត្តស្វាយរៀង របស់យើងបានអនុវត្តនាពេលបច្ចុប្បន្ននេះ ដែលគិតទាំងពីរដំណាក់កាល គឺសរុបបានចំនួន៤០០ខ្នងផ្ទះ។

លោក ហែម ពិសិដ្ឋ បានបញ្ជាក់ដែរថា ចំពោះពិធីចាប់ឆ្នោតទទួលលេខរៀងផ្ទះនៅថ្ងៃនេះ គឺយើងរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់នូវភាពសុក្រឹត្យ យុត្តិធម៌ និងស្មើរភាពជូនបងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលត្រូវបានជ្រើសរើសក្នុងការទទួលបានលេខរៀង ផ្ទះដោយខ្លួនឯង ដែលមិនមែន ជាការសម្រេចរបស់ក្រុមការងារ ដែលចៀសវាងនាំឱ្យមានការថ្នាំងថ្នាក់ និងការមិនពេញចិត្តផ្សេងៗ។

ទន្ទឹមនឹងនេះ ក៏ក្នុងគោលបំណង ដើម្បីបងប្អូនដែលទទួលបានលេខរៀងផ្ទះ តាមរយៈការចាប់ឆ្នោតនៅថ្ងៃនេះ បានចូលទៅស្នាក់នៅ ជាបណ្តោះអាសន្ន ចំពោះផ្ទះដែលបានសាងសង់រួច និងចំពោះផ្ទះដែលកំពុងសាងសង់ពុំទាន់រួចរាល់ និងមិនទាន់សាងសង់ ក៏សូមឱ្យបងប្អូនអញ្ជើញ ទៅចូលរួមសហការត្រួសត្រាយ ឬក៏ឈួសឆាយនៅបរិវេណដី និងផ្ទះរបស់ខ្លួនជាមួយក្រុមជាងដែលកំពុងអនុវត្តការងារ សាងសង់ ដើម្បីជាការចូលរួមចំណែកជំរុញឱ្យដំណើរការសាងសង់របស់យើង សម្រេចបានតាមផែនការ និងបន្តរៀបចំពិធីប្រគល់ផ្ទះជាផ្លូវការ ជូនបងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ បន្ទាប់ពីបញ្ចប់ការងារសាងសង់ជាស្ថាពរ នៅដំណាច់ឆ្នាំ២០១៩ ខាងមុខនេះ៕