(ភ្នំពេញ)៖ យោងតាមការណែរបស់អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោពលខេមរភូមិន្ទ បាននាំយកកូនឈើគ្រប់ប្រភេទ ៦៤៥ដើម ដើម្បីយកទៅដាំនៅក្នុងបរិវេណវិទ្យាស្ថាន ដើម្បីចូលរួមឲ្យរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង ពិសេសឲ្យបរិវេណក្នុងវិទ្យាស្ថានមានបរិស្ថានស្រស់ល្អស្អាត ក្នុងគោលបំណងទាក់ទាញនិស្សិតមានទឹកចិត្តរីករាយក្នុងការក្រេបយកចំណេះវិជ្ជា ដើម្បីចូលរួមកសាងអភិវឌ្ឍន៍ជាតិ។

ក្នុងពិធីដាំកូនឈើនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯកសាស្ត្រចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល និងលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងមានការចូលរួមពីមន្ត្រីរដ្ឋបាលព្រែឈើ ព្រមទាំងសិស្ស និស្សិត នាយទាហានផងដែរ។

លោក គាំ សីហា បានឲ្យដឹងថា ការរួមគ្នាដាំដើមឈើនាពេលនេះ ក្នុងគោលបំណងសំខាន់ដើម្បីជួយថែរក្សាបរិស្ថាននៅជុំវិញរាជធានីភ្នំពេញ នេះឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត ពិសេសជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ហើយជួយកម្ចាត់ជាតិពុលនានា នៅក្នុងបរិវេណវិទ្យាស្ថាន ក៏ដូចរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានសំណូមឲ្យសិស្ស-និស្សិត នាយទាហានគ្រប់រូបចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំរួចឲ្យលូតលាស់ល្អ ដើម្បីឲ្យបរិវេណសាលាយើងមានសភាពបៃតងស្រស់បំព្រងរួមចំណែក រាជធានីភ្នំពេញ ជាគម្របបៃតង ផ្តល់ម្លប់ និងលើកសម្រស់របស់ទីក្រុងយើងផងដែរ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមដាំដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អ ឲ្យដូចយើងស្រឡាញ់កូនចៅយើងដែរ ហើយអ្នកបំផ្លាញដើមឈើវាស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ។

លោកបន្តថា ដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផល ចិញ្ចឹមជីវិតមនុស្សលោក។ ហេតុដូចនេះហើយ យើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ។

ជាមួយគ្នានេះ លោក នឹម មាលា ក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ សិស្ស និសិ្សតទាំងអស់ ត្រូវរួមគ្នាថែរក្សាការពារដើមឈើដែលបានដាំនាពេលនេះ ព្រោះដើមឈើមានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់បរិស្ថាន និងមនុស្សជាតិ។

គួរបញ្ជាក់ថា វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោពលខេមរភូមិន្ទ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលលាតសន្ធឹងលើផ្ទៃក្រលា ៨ហិកតា៕