(កណ្ដាល)៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល បានលើកឡើងថា ការងារស្ម័គ្រចិត្តគឺជាឱកាស សម្រាប់ឲ្យយុវជនទាំងអស់គ្នាបានស្គាល់គ្នា កសាងមិត្តភាព និងសាមគ្គីភាពរវាងគ្នានិងគ្នា បានកាន់តែរឹងមាំ ដើម្បីរួមកម្លាំងគ្នាក្នុងការជួយកសាងសង្គមជាតិ ឲ្យមានភាពរីកចម្រើន។

លោក គីម រិទ្ធី លើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល មកពីឃុំទាំង១៨ នៃស្រុកខ្សាច់កណ្តាល ជាង៣០០នាក់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាល័យបច្ចេកទេស និងចំណេះដឹងទូទៅ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល។

លោកបន្តថា ការកសាងមិត្តភាព សាមគ្គីភាពគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើតាមទ្រឹស្ដីទស្សនៈវិជ្ជា ការមានញាតិមិត្តច្រើន ឬតិច គឺជាកត្តាកំណត់នៃភាពជោគជ័យ និងបរាជ័យ មានន័យថា នៅពេលដែលមានញាតិមិត្តច្រើន គឺមានឱកាសទទួលបានភាពជោគជ័យច្រើនជាងអ្នកដែលខ្វះញាតិមិត្ត។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តឲ្យយុវជន ស.ស.យ.ក ទាំងអស់ត្រូវខិតខំបង្កើនសមាជិកគ្រួសារ ស.ស.យ.ក ឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត យ៉ាងហោចណាស់ក្នុងមួយឃុំត្រូវរកសមាជិកឲ្យបាន ១០០នាក់ ដើម្បីចូលរួមកម្លាំងសាមគ្គីគ្នាកសាងសង្គមជាតិបានកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើ និងជំរុញឲ្យសមាជិកគ្រួសារ ស.ស.យ.ក. តាមបណ្តាឃុំទាំងអស់ ត្រូវចូលរួមចែករំលែកនូវបទពិសោធន៍ នៃការងារស្ម័គ្រចិត្តរបស់សមាជិក ស.ស.យ.ក. ពីគ្នាទៅវិញទៅមក ត្រូវខិតខំពង្រឹងមិត្តភាព សាមគ្គីភាព និងរចនាសម្ព័ន្ធរបស់ខ្លួនឲ្យកាន់តែរឹងមាំ ត្រូវធ្វើការប្តេជ្ញាចិត្តក្នុងការកសាងបណ្តាញយុវជន ឲ្យបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លោកក៏បានលើកទឹកចិត្តដល់គ្រួសារ ស.ស.យ.ក ខេត្តទាំងអស់ត្រូវរួមសាមគ្គីគ្នាចូលរួមជួយក្នុងការងារចាំបាច់ក្នុងភូមិ ឃុំ របស់ខ្លួនដូចជា ការងារសង្គម ការងារមនុស្សធម៌ ការងារអប់រំ និងកីឡា។

សូមបញ្ជាក់ថា ក្នុងពិធីនេះក៏មានការចាប់ឆ្នោតផ្សងសំណាង ចែកវត្ថុអនុស្សាវរីយ៍ដូចជា ទូរស័ព្ទដៃ Power Bank មួកសុវត្តិភាព អាវយឺត និងធុងដាក់ទឹក ជូនដល់សមាជិកទាំងអស់គ្នា និងមានការឡើងច្រៀងលេងកម្សាន្តផងដែរ៕

,