(រតនគិរី)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានសការជាមួយអាជ្ញាធរខេត្ត រៀបចំវេទិការតម្រង់ទិសយុវជន ដែលទើបប្រឡងសញ្ញាបត្រ ទុតិយភូមិជាប់ នៅខេត្តរតនគិរី ក្រោមប្រធានបទស្តីពី «ការលើកកម្ពស់មនសិការស្នេហាជាតិ និងភាពជាអ្នកដឹកនាំ»។

វេទិការតម្រង់ទិសយុវជននេះ មានការចូលរួមចែករំលែកបទពិសោធន៍ និងការណែនាំមួយចំនួន ជូនដល់សិស្សានុសិស្ស រួមមាន៖

*ទី១៖ ការសិក្សាកម្រិតឧត្តមសិក្សា និងទីផ្សារការងារនៅកម្ពុជា
*ទី២៖ ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់សិស្សានុសិស្សខេត្តរតនគិរី និងការបង្កើតសមាគមទ្រទ្រង់វិស័យអប់រំខេត្ត
*ទី៣៖ សារសំខាន់ នៃកត្តញ្ញូតធម៌ និងការដឹងគុណ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឲ្យសិស្សានុសិស្សទាំងអស់ ត្រូវមានកត្តញ្ញូតាធម៌ និងការគោរពស្រឡាញ់ចំពោះមាតា-បិតា លោកគ្រូ-អ្នកគ្រូ ក៏ដូចជា ថ្នាក់ដឹកនាំប្រទេសជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលសម្តេចបានដឹកនាំប្រទេសកម្ពុជាទាំងពីចំណុចសូន្យ ពោលប្រទេសមានសង្គ្រាម គ្មានធនធានមនុស្ស និងត្រូវគេហ៊ុព័ទ្ធសេដ្ឋកិច្ច រហូតដល់ប្រទេស ទទួលបានឯកភាពជាតិ មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឲ្យសិស្សានុសិស្សត្រូវបន្តខិតខំរៀនសូត្រ ជឿជាក់ និងទុកចិត្តលើខ្លួន និងជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់និងទេពកោសល្យរបស់ខ្លួន ដើម្បីទទួលបាននូវជោគជ័យក្នុងជីវិត ហើយត្រូវស្មោះត្រង់ចំពោះជាតិ មាតុភូមិរបស់ខ្លួន កុំធ្វើជាឧបករណ៍នយោបាយឲ្យបរទេស និងពួកក្បត់ជាតិ បម្រើឲ្យបរទេស បំផ្លាញប្រយោជន៍ និងប្រជាពលរដ្ឋ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះអភិបាលខេត្ត, លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក គាំ រីបូន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអេស្កាប់ ដែលបានចូលរួមចែករំលែកចំណេះដឹង និងធ្វើបទឧទ្ទេសនាមសម្រាប់វេទិការនេះ ព្រមទាំង អាជ្ញាធរខេត្ត មន្ទីរអប់រំយុវជន និងកីឡា ដែលបានសហការរៀបចំវេទិការនេះឡើង៕