(ភ្នំពេញ)៖ ឃីម សុខហេង ម៉ូបាល អេប (KHiM SOK HENG Mobile App) ត្រូវបានអ្នកជំនាញអភិវឌ្ឍធនធានមនុស្ស លោកគ្រូ ឃីម សុខហេង បង្កើតឡើង ដើម្បីផ្តល់ដល់មនុស្សគ្រប់រូប ដែលគ្មានគោលដៅ ពិតប្រាកដ គ្មានសេចក្តីសង្ឃឹម ទាំងការរកស៊ី និងការរស់នៅក្នុងជីវិត។ ដូច្នេះចលករនៃដំណោះស្រាយនោះគឺ KHiM SOK HENG Mobile App ។

ថ្លែងនៅក្នុងពិធីសម្ភោធជាផ្លូវការ នៅសណ្ឋាគារ លើ រ៉ាហ្វល (Le Raffle) នាពេលថ្មីៗនេះ លោក ឃីម សុខហេង បានបញ្ជាក់ថា «មនុស្សគ្រប់រូប មានក្តីស្រម៉ៃចង់មានជីវភាពធូរធា ចង់មានសេចក្តីសុខ រីកចម្រើន មានកិត្តិយស តែមិនអាចសម្រេចបាន ដោយសារតែមនុស្សភាគច្រើន មិនបានដឹងពីរបៀបធ្វើវាឲ្យសម្រេច ហើយដំណោះស្រាយល្អៗ នៅតែជាអាថ៌កំបាំងសម្រាប់អ្នកដែលមិនទាន់ដឹង»

លោកបានបញ្ជាក់ទៀតថា អាថ៌កំបាំង នឹងត្រូវបានបង្ហាញតាមរយៈវីដេអូ ដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់លោកអ្នក ម៉ូបាល អេប ដែលមានឈ្មោះ KHiM SOK HENG ។

អ្នកជំនាញអភិវឌ្ឍធនធានមនុស្ស លោក ឃីម សុខហេង ដែលមានបទពិសោធន៍ជាង២០ឆ្នាំរូបនេះ បន្តទៀតថា កម្មវិធីទូរស័ព្ទដៃនេះ មានគោលបំណងឆ្លើយតបទៅនឹង សម័យសកលភារូបនីយកម្ម នាសវត្សទី២១នេះ ដែលប្រជាជនភាគច្រើនប្រើប្រាស់ទូរសព្ទគ្រប់ដៃ ដើម្បីទំនាក់ទំនង រៀនសូត្រ ក៏ដូចជាកម្សាន្តផងដែរ។

ជាងនេះទៅទៀត កម្មវិធីទូរស័ព្ទឃីម សុខហេង (KHiM SOK HENG Mobile App) នេះក៏តម្រូវតាមប្រជាជនខ្មែរផងដែរ ខណៈពលរដ្ឋបច្ចុប្បន្នមានទូរស័ព្ទឆ្លាតវៃ (SMART PHONE) នៅស្ទើរគ្រប់ដៃ ហើយការប្រើប្រាស់ងាយស្រួល។ ដូច្នេះពួកគេដោយគ្រាន់តែទាញកម្មវិធីនោះមកប្រើ តាមរយៈការស្តាប់វីដេអូលោកគ្រូជាភាសាខ្មែរ។

លោក ប្រាក់ រ៉ាឌី អ្នកគាំទ្រកម្មវិធីទូរស័ព្ទ ឃីម សុខហេង (KHiM SOK HENG Mobile App) អះអាងថា គាត់តែងតែស្តាប់ការផ្សាយផ្ទាល់របស់លោកគ្រូ ឃីម សុខហេង ជារៀងរាល់សប្តាហ៍ ព្រោះវាពិតជាធ្វើឲ្យលោក មានកម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីសម្រេចក្តីបំណងរបស់លោកប្រាកដមែន។

បុរសវ័យជាង៣០ឆ្នាំរូបនេះ បន្តទៀតយ៉ាងដូច្នេះថា «ពេលនេះខ្ញុំមានក្នុងក្រុម ហើយបានបើកស្តាប់លោកគ្រូនិយាយផ្ទាល់រាល់អាទិត្យ។ ខ្ញុំសប្បាយចិត្តច្រើនឥលូវ ហើយមិនមានបញ្ហាដំណេកអីទេ។ ខ្ញុំអរគុណពាក្យលោកគ្រូដែលថា ធ្វើនូវអ្វីដែលចេះ និងដឹង មិនដូចដឹងនូវអ្វីដែលត្រូវធ្វើនោះទេ»

សូមរម្លឹកផងដែរថា ក្រៅតែអំពីកម្មវិធីទូរស័ព្ទ លោកគ្រូ ឃីម សុខហេង ក៏មានគណនីយូធូប (Youtube) និងទំព័រហ្វេសប៊ុកផ្លូវការ ដែលមានការទទួលស្គាល់ពីក្រុមហ៊ុនហ្វេសប៊ុកតែម្តង ហើយមានអ្នកគាំទ្រ ជាងកន្លះលាននាក់៕