(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១​ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងចាកចេញពីកម្ពុជា ដើម្បីចូលរួមពិធី​រាជាភិសេក​​​​ព្រះចៅអធិរាជ​​ថ្មី​​របស់ជប៉ុន គឺព្រះចៅ Naruhito​។

ព្រះ​រាជ​ពិធី​សោយ​រាជ្យ​សម្បត្តិ​ផ្លូវការ​របស់​ព្រះ​ចៅ​អធិរាជ​ថ្មី​របស់ជប៉ុន ​​​នឹងធ្វើ​ឡើង​តាម​ប្រពៃណី​ជប៉ុន​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​​ ឆ្នាំ២០១៩ ខាងមុខនេះ។

ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភា កន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។

ព្រះចៅ Akihito គឺជាព្រះចៅអធិរាជជប៉ុនទី១២៥ ហើយទ្រង់បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេបំផុតដែលដាក់រាជ្យ ក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ។ ចំណែកឯ ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានចាប់ផ្ដើមរជ្ជកាល Reiwa របស់ព្រះអង្គជាផ្លូវការ ក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០៣ ខែឧសភា៕