(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពេលនេះកំពុងដឹកនាំ គណៈប្រតិភូអញ្ជើញចាកចេញពីប្រទេស ឥណ្ឌូនេស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញ មកចូលរួមពិធីស្បថចូលកាន់តំណែងថ្មី របស់ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) និងអនុប្រធានាធិបតី ឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នេះ។

តាមការគ្រោងទុក យន្តហោះរបស់ សម្តេចតេជោ ហ៊ុ ន សែន និងគណៈប្រតិភូកម្ពុជា នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណ៨៖៣០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជា ទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មី របស់ប្រធានាធិបតីឥណ្ឌូនេស៊ី និងអនុប្រធានាធិបតីឥណ្ឌូនេស៊ី។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ លោកប្រធានាធិបតី ចូកូ វីដូដូ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២ របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពីលោកបានឈ្នះឆ្នោតកាលពីខែមេសា កន្លងទៅនេះ។ ពិធីចូលកាន់តំណែងរបស់លោក ត្រូវបានប្រារព្ធ ធ្វើឡើងយ៉ាងអធឹកអធមដោយមានការអញ្ជើញចូលរួមពី មេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាមិត្តមួយចំនួនទៀត។

នៅក្នុងឱកាសមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ីនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ៕