(ឧត្តរមានជ័យ)៖ លោក គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ បានអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តឧត្ដរមានជ័យ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាខេត្តឧត្តរមានជ័យ។

តាមរបាយការណ៍ បានបញ្ជាក់ថា លទ្ធផលលេចធ្លោនៅក្នុងខែកន្លងមក សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ បទល្មើសនានា ត្រូវបានកាត់បន្ថយ, រក្សាបានស្ថិរភាពនៅតំបន់ព្រំដែន ជាពិសេសក្រុមការងារបានបង្កើនការចុះជួបប្រជាពលរដ្ឋ តាមរយៈការបើកវេទិកាសាធារណៈ និងបានដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ពួកគាត់បានជាបន្តបន្ទាប់។

ទន្ទឹមនឹងការលើកសរសើរ ចំពោះក្រុមការងារដែលបានម្ចាស់ការចុះធ្វើសកម្មភាពនៅមូលដ្ឋានជាប្រចាំ និងបានលះបង់ធនធានផ្ទាល់ខ្លួន ជួយដោះស្រាយរាល់ការខ្វះខាតនៅមូលដ្ឋាន។ សម្រាប់ការងារដែលត្រូវបន្តអនុវត្តនៅពេលខាងមុខ ទេសរដ្ឋមន្ដ្រី គន់ គីម បានដាក់ចេញគោលដៅ៥ចំណុច ដើម្បីក្រុមកាងារយកចិត្តទុកដាក់៖

*ទី១៖ ជំរុញការចុះមូលដ្ឋានបើកវេទិកាសាធារណៈ ប្រមូលយកសំណូមពររបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជូនពួកគាត់ឲ្យបានទាន់ពេលវេលា ចំពោះបញ្ហាប្រឈមធំៗ លើសសមត្ថភាពខេត្ត នឹងរាយការណ៍ទៅលេខាធិការដ្ឋានថ្នាក់ជាតិ ដើម្បីមានវិធានការបន្ត

*ទី២៖ ត្រូវបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន បង្ការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសដែលកើតមាន

*ទី៣៖ ពង្រឹងរបៀបរបបការងារ ដោយបង្កើនការពង្រឹងវិន័យផ្ទៃក្នុង ចំពោះមន្ត្រី បុគ្គលិក លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារ

*ទី៤៖ បន្តចូលរួមក្នុងកម្មវិធីនានារបស់ប្រជាពលរដ្ឋ និងបន្តចិញ្ចឹមចលនានៅមូលដ្ឋាន

*ទី៥៖ ក្រុមការងារត្រូវសហការជាមួយមូលដ្ឋាន ចលនាឲ្យប្រជាពលរដ្ឋចូលរួមពិសារអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ តាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕