(សៀមរាប)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់លើឈ្មោះ សំ វុទ្ធី ជាអតីតក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ របស់អតីតគណបក្សសង្រ្គោះជាតិ ពីបទ«រួមគំនិតក្បត់» ពាក់ព័ន្ធនឹងរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយ ទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ នេះបើតាម អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធសកម្មភាពឈ្មោះ សំ វុទ្ធី ក្នុងគោលបំណងប្រមូលផ្តុំកម្លាំង អ្នកគាំទ្រពួកប្រឆាំង ឬពួកឧទ្ទាមក្រៅច្បាប់ ដើម្បីបំផុសបំផុល នូវខ្លឹមសាររបស់ទណ្ឌិត សម រង្ស៊ី ជំរុញឲ្យប្រជាជនចូលរួមគាំទ្រ ផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី» នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសជាប់ពន្ធនាគារពី ០៥ (ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះបានចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៖