(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ប្រាប់អាជ្ញាធរ និងមន្ត្រីនៅតាមមូលដ្ឋាន ឱ្យប្រឹងប្រែងបំពេញការងារដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសបើកចិត្តឱ្យទូលាយស្តាប់កង្វល់របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាទាំងឡាយចំគោលដៅ។

ការក្រើនរំលឹករបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ។

ដើម្បីស្វែងរកនូវបញ្ហា និងដាក់ចេញនូវដំណោះស្រាយឱ្យចំគោលដៅ នៅក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំមន្ត្រីនៅមូលដ្ឋាន និងក្រុមការងារដែលចុះជួយស្រុកអន្លង់វែងនេះ ឧស្សាហ៍បេីកវេទិកាសាធារណៈ ហើយបើកទូលាយឱ្យប្រជាពលរដ្ឋឡើងនិយាយនូវបញ្ហាដែលគេបានជួបប្រទះ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា មានតែការអនុញ្ញាតឱ្យប្រជាពលរដ្ឋនិយាយពីបញ្ហាពិត និយាយពីទុក្ខកង្វល់ពិត ទើបអាចដោះស្រាយបញ្ហាមានប្រសិទ្ធភាព។

លោកទេសរដ្ឋមន្ត្រី បានថ្លែងដូច្នេះថា «យើងជាមន្ត្រីបម្រើប្រជាពលរដ្ឋ យើងត្រូវតែប្រឹងប្រែងរកគ្រប់លទ្ធភាពទាំងអស់ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ ដើម្បីបានដឹងបញ្ហារបស់ពួកគេយើងត្រូវឧស្សាហ៍បើកវេទិកាសាធារណៈ ហើយត្រូវបើកឱ្យពួកគេរាយការណ៍រាល់បញ្ហាដែលគេជួបប្រទះ និងចង់ឱ្យយើងដោះស្រាយជូនពួកគេ។ ខ្ញុំគិតថា មានតែការបើកឱ្យប្រជាពលរដ្ឋរាយការណ៍បញ្ហាពិត និយាយនូវទុក្ខកង្វល់ពិតរបស់ពួកគេទើបយើងអាចដោះស្រាយបញ្ហាជូនពួកគេបានចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់»

លោក គន់ គីម ក៏បានណែនាំទៅដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបូកសរុបរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលដោះស្រាយមិនបាន ដាក់ជូនអាជ្ញាធរថ្នាក់ខេត្ត ឬថ្នាក់ជាតិ ដើម្បីដោះស្រាយជូនពួកគេ។ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យខិតខំទប់ស្កាត់បង្រ្កាបបទល្មេីសគ្រឿងញៀន និងបទល្មេីសផ្សេងៗដែលបង្កឡេីងដោយជនខិលខូច រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន។

បើទោះបីជាយ៉ាងនៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏ថ្លែងកោតសរសើរដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ដែលបានប្រឹងប្រែងធ្វើការងារបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហារបស់ពួកគេ។ លោកបន្តអំពាវនាវឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចបន្តប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋបន្តទៀត។

ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវដល់អាជ្ញាធររួមគ្នារៀបចំពិធីអកអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្ហាញសាមគ្គីភាព ឯកភាពជាតិ និងការពារជាតិ ការពារសាសនា ការពារព្រះមហាក្សត្រ។ ជាពិសេសប្រឆាំងចលនារបស់ជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងស្ថេរភាពនៅក្នុងសង្គម៕