(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ Charles Tsang គ្រូពេទ្យឯកទេសវះកាត់ពោះវៀនធំមកពីប្រទេសសិង្ហបុរី បានថ្លែង ការថែរក្សារាងកាយឱ្យស្វែលស្ដង់ដារ ដោយកម្ពស់ និងទម្ងន់ ប្រហែលគ្នា អត្រាចៀសផុតពីប្រភេទនៃជំងឺមហារីក និងជំងឺផ្សេងៗរហូតដល់ទៅ៤៥%។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ Charles Tsang ក្នុងសិក្ខាសាលាស្ដីពី ជំងឺមហារីក ក្រពះ ពោះវៀន និងការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងក្នុងឱកាសចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ រវាងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីងម៉េដ (Singmed Medical Center) ជាមួយមជ្ឈមណ្ឌលជំងឺមហារីក អាយខន (ICON Cancer centre) នៅចុងសប្ដាហ៍នេះ នាសណ្ឋាគាររូសវ៉ូដ។

លោកសាស្ដ្រាចារ្យ Charles Tsang បានថ្លែងបន្ដថា «ការថែរក្សារាងកាយរបស់យើងឱ្យស្វែល ជាទូទៅមិនថាតែអាចការពារ ឬចៀសវាងពីជំងឺមហារីកក្រពះពោះវៀនប៉ុណ្ណោះទេ តែអាចចៀសផុតពីជំងឺជាច្រើនប្រភេទទៀត នេះបើតាមបទពិសោធន៍កន្លងព្យាបាលកន្លងមកនេះ ដែលបង្ហាញឱ្យឃើញថា អ្នកកើតជំងឺមហារីកភាគច្រើន គឺច្រើនតែអ្នកលើសគីឡូ ចំពោះអ្នករាងស្វែល គឺកម្រនឹងកើតមានណាស់ ។ ដូច្នេះ បើយើងរក្សាគីឡូឱ្យនៅស្ដង់ដារ ដោយកម្ពស់ ស៊ីជាមួយគីឡូ ឬទម្ងន់របស់យើង គឺអាចចៀសផុត ពីប្រភេទនៃជំងឺមហារីកផ្សេងៗ រហូតដល់ទៅ៤៥%»។

ជាងនេះទៀត ដើម្បីការពារ កុំឱ្យកើតនូវប្រភេទជំងឺមហារីក មានដូចជាមហារីកក្រពះពោះវៀនជាដើម កត្ដាចម្បងត្រូវពិនិត្យសុខភាពឱ្យទៀងទាត់ ធ្វើលំហាត់ប្រាណ ដាច់ខាតកុំជក់បារី ការផ្លាស់ប្ដូរការបរិភោគអាហារណា ដែលបំផ្លាញសុខភាពយើង ជាពិសេស បើមានអាការៈមិនស្រួល ប្រញាប់មកពិភាក្សាជាមួយគ្រូពេទ្យ នោះលោកអ្នកនឹងទទួលបានប្រសិទ្ធិភាពខ្ពស់ ក្នុងការព្យាបាលឱ្យជាសះស្បើយវិញ។ នេះបើតាមការបញ្ជាក់ របស់លោកសាស្ដ្រាចារ្យ Charles Tsang ។

ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យបានលើកឡើងថា ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជា ពិសេសការព្យាបាលជំងឺមហារីកក្រពះពោះវៀន និងជំងឺផ្សេងមហារីកផ្សេងទៀត គ្រូពេទ្យឯកទេសរបស់លោក បានចាប់ដៃគូជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីងម៉េដ ដើម្បីផ្ដល់ជូននូវសេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺមហារីក យ៉ាងមានប្រសិទ្ធិភាពខ្ពស់ និងខិតជិតផ្ទះពួកគាត់តែម្ដង។

លោកស្រី ពិន នេត្រា នាយិកាប្រតិបត្តិមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ បានថ្លែងផងដែរថា «ជាការពិតណាស់ ដើម្បីចូលរួមចំណែកផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺ ជូនពលរដ្ឋកម្ពុជា ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងវិជ្ជាជីវៈ យើងបានចាប់ដៃគូសហការជាមួយ មជ្ឈមណ្ឌលជំងឺមហារីកអាយខន ដែលមានគ្រូពេទ្យឯកទេសល្បីៗ បទពិសោធន៍យូរឆ្នាំ បានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីផ្នែកវះកាត់ និងព្យាបាលជំងឺមហារីក បែបស្ដង់ដារនៅកម្ពុជា»

ការចាប់ដៃគូជាមួយគ្រូពេទ្យឯកទេស ពីសិង្ហបុរី ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាយើង ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើន ក្នុងការទៅព្យាបាលនៅងាយពីភូមិស្រុកយើង ហើយទទួលបានការព្យាបាលបែបស្ដង់ដារ គុណភាពខ្ពស់ ទៅលើជំងឺជាច្រើនប្រភេទ ដូចជា៖ ជំងឺមហារីកក្រពះពោះវៀន, ទឹកនោមផ្អែម, លើសឈាម, ឆ្អឹង រោគស្ដ្រី និងព្យាបាលជំងឺផ្សេង។ក្រោមការសហការជាមួយអាយខន ដែលជាមជ្ឈមណ្ឌលមួយធំជាងគេនៅប្រទេសអូស្ដ្រាលី ដែលមានវត្ដមាននៅតាមបណ្ដាប្រទេសល្បីៗជាច្រើន ក៏ដូចជានៅអាស៊ី ដែលមានការិយាល័យដ៏ធំនៅសិង្ហបុរីផងដែរ។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ ស្ថិតនៅអគារលេខ៦៤ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ជិតអគារវឌ្ឍនៈ មានសេវាពិគ្រោះ ពិនិត្យសុខភាព និងធ្វើវិនិច្ឆ័យរោគដោយបំពាក់បច្ចេកវិទ្យាទំនើបឈានមុខ និងចុងក្រោយរបស់ប្រទេសសិង្ហបុរី MRI ម៉ាស៊ីនសុងក្រពះទំនើប ប្រព័ន្ធឆ្លុះចុងក្រោយបង្អស់៕