(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រជួបប្រទះនូវការលំបាក គ្មានទីពឹងចំនួន១៦០គ្រួសារហើយ ដែលទទួលបានអំណោយមនុស្សធម៌ពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលមានចិត្តសណ្តោសប្រណី ដល់អ្នកដែលកំពុងតែបានជួយប្រទះកាលំបាក ខ្វះខាត កំពុងតែត្រូវការជំនួយជាបន្ទាន់ តាមរយៈលោក ជិន ស៊ីសុវុត្ថា ម្ចាស់គណនី Facebook ចាបស្រុកព័ត៌មាន និង Rokakong hotnew ដើម្បីនាំយកបន្តជូនដល់ពលរដ្ឋ ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដើម្បីបានជាស្បៀងអាហារ និងលុយកាក់បន្តិចបន្ទួច សម្រាប់បន្តការរស់នៅទៅមុខបន្តទៀត។

លោក ជិន ស៊ីសុវុត្ថា បានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះថា បានជាលោកស្រេចចិត្តធ្វើជាអ្នកទទួលជំនួយពីសប្បុរសជន ដើម្បីយកជួយដល់អ្នកក្រីក្រនេះ ព្រោះតែដំបូងឡើយ លោកបានឃើញមានលោកយាយអ្នកជិតខាងរបស់លោក មានជីវភាពក្រីក្រខ្លាំង ហើយមិនមានកូនចៅនោះទេ ដោយឃើញគាត់ជួបការលំបាកខ្លាំងពេក ទើបលើកសម្រេចចិត្តថតបង្ហោះលើបណ្តាញសង្គម Facebook ដើម្បីស្វែងរកសប្បុរសជនមកជួយដល់គាត់ ដោយឃើញពីការលំបាកដូចនោះ ហើយក៏មានសប្បុរសជនមានចិត្តល្អ បានឱ្យរូបលោក នាំយកអំណោយជូនដល់លោកយាយតែម្តង។

ក្រោយមកទៀតក៏មានសប្បុរសជន ជាបន្តបន្ទាប់បានឃើញពីការលំបាកដូចនេះ ក៏បានផ្តល់អំណោយជាបន្តបន្ទាប់ឱ្យរូបលោក ដើម្បីយកបន្តចែកឱ្យជនចាស់ជរា ក្រីក្រជាបន្តទៀតផងដែរ ក្នុងពេលនោះហើយជាពេលដែលលោកសម្រេចចិត្តថា ថ្វីត្បិតតែមិនមានថវិកាផ្ទាល់ខ្លួនច្រើន ដើម្បីផ្តល់ជូនជនចាស់ជរាក្រីក្រ តែក៏លោកអាចនាំយកអំណោយពីសប្បុរសជន ដើម្បីចែកជូនដល់ពួកគាត់បានដែរ ដែលគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨មក លោកបាននាំអំណោយជូនពលរដ្ឋបាន១៦០គ្រួសារហើយ។

លោក ជិន ស៊ីសុវុត្ថា ដែលសព្វថ្ងៃជាពិធីករនៅស្ថានីយ៍ វិទ្យុរាជធានីភ្នំពេញ FM 103 រូបនេះ បានបញ្ជាក់ទៀតថា ក្រៅពីធ្វើការងារលោកតែងតែឆ្លៀតពីការងារ ដើម្បីជួយសង្គមខ្លះ ក្នុងការស្វែងរកអំណោយមួយចំនួន ពីបងប្អូនសប្បុរសជន ក្នុងនិងក្រៅប្រទេសជូនបងប្អូនទីទាល់ក្រ ដែលមានជីវភាពលំបាក ហើយមកដល់សព្វថ្ងៃនេះមានសប្បុរសជន ទាំងក្នុងប្រទេស និងក្រៅប្រទេសដូចជា ពលរដ្ឋនៅសហរដ្ឋអាមេរិក កាន់ណាដា កូរ៉េខាងត្បូង ជប៉ុន ថៃ ដែលបានផ្តល់ជាថវិកា និងគ្រឿងឧបភោគ បរិភោគផ្សេងៗផងដែរ ដើម្បីឱ្យលោកយកទៅជួយដល់លោកតា លោកយាយ កុមារ៉ា កុមារីបងប្អូនក្រីក្រមួយចំនួន ដែលកំពុងមានជីវភាពទីទាល់ក្រមិនថានៅខេត្តណានោះទេ។

លោកក៏បានបញ្ជាក់ទៀតថា អំណោយដែលលោកយកទៅជូនពលរដ្ឋក្រីក្រ ដែលជួបការលំបាកនោះមានដូចជា៖ អង្ករ មី ស្ករ ប៊ីចេង ប្រេងឆា ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកផ្លែឈើជាដើម រួមទាំងថវិកាមួយចំនួន។ ជាមួយគ្នានោះផងដែរ លោកក៏បានសំនូមពរដល់សប្បុរសជនទាំងអស់ ដែលមានបំណងចង់ជួយដល់ជនទីទ័លក្រ សុំជួយដល់ពួកគាត់តាមលទ្ធភាព ដែលអាចធ្វើទៅបានផង ដោយអាចយកប្រគល់ជូនពួកគាត់ផ្ទាល់ ឬតាមរយៈរូបលោកផ្ទាល់ក៏បានដែរ។

សូមបញ្ជាក់ថាលោក ជិន ស៊ីសុវុត្ថា សព្វថ្ងៃរស់នៅ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្ដកណ្ដាល ក្រៅពីការងារប្រចាំថ្ងៃ លោកតែងតែខិតខំប្រឹងប្រែងចូលរួមចំនែកក្នុងកម្មវិធីមនុស្សធម៌ ដើម្បីជួយដល់បងប្អូនក្រីក្រ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋ៕