(ភ្នំពេញ)៖ អង្គព្រះកឋិនទាន ព្រះរាជទ្រព្យ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រថៃ សម្តេចព្រះចៅយូហួមហាវៈឈិរ៉ាលុងកន បឌិន្រ្ទវៈរ៉ាងគូន និងក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានដង្ហែទៅវេរប្រគេន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អង្គព្រះកឋិនទាន ព្រះរាជទ្រព្យនេះដឹកនាំដោយព្រះរាជតំណាងរបស់ព្រះមហាក្សត្រថៃ លោក វិឆារ៉ាត់ អុំសាក់រ៉ាក់ផាក់ឌី (Vijavat ISARABHAKDI) អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសថៃ និងខាងក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួង តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។

ជាមួយគ្នានោះ ក៏មានការនិមន្តចូលរួមរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងមានវត្តមានរបស់លោក ប៉ាន់ យ៉ារ៉ាក់ កូនសាប់ (Panyarak POOLTHUP) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ព្រមទាំងមន្ត្រីរាជការប្រចាំស្ថានទូតថៃ ក្រុមហ៊ុនឯកជនថៃ នៅក្នុងប្រទេសកម្ពុជា ក្រុមគ្រួសារ មន្ត្រី រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប និង បងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

ព្រះរាជពិធីបុណ្យបានប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបានប្រារព្ធព្រះរាជពិធីដង្ហែ អង្គព្រះកឋិនទាន ព្រះរាជទ្រព្យជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះ ព្រះពុទ្ធរូប ស្នងអង្គ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវបទនមស្ការព្រះរតនត្រ័យថ្វាយបង្គំ ព្រះសមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យកែវ ទាំងបីមានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។

ក្រោយពីក្បួនដង្ហែព័ទ្ធជុំវិញព្រះវិហាររួច យកត្រៃចីវរ អង្គកឋិនព្រះរាជទាន និងគ្រឿងបរិក្ខា ពីព្រះមហាក្សត្រថៃ មករៀបចំវេរប្រគេនព្រះសង្ឃរួចមក, លោក វិឆារ៉ាត់ អុំសាក់រ៉ាក់ផាក់ឌី បានអានប្រកាសអំពីព្រះទ័យជ្រះថ្លារបស់ព្រះមហាក្សត្រថៃ ដែលតែងតែមានបំណងចូលរួមលើកស្ទូយវិស័យ ព្រះពុទ្ធសាសនា ដែលប្រទេសថៃ និងកម្ពុជា គោរពចំពោះព្រះពុទ្ធសាសនា តាមប្រពៃណីដូចគ្នា តាំងពីយូរលង់ណាស់មក។

ក្នុងពិធីបុណ្យកឋិនទាននេះ បច្ច័យ ដែលទទួលបានរួមមាន៖ បច្ច័យផ្គត់ផ្គង់វត្តចំនួន ២ម៉ឺនបាត, បច្ច័យព្រះរាជទានព្រះមហាក្សត្រថៃ តាមរយៈក្រសួងការបរទេសថៃចំនួន ៥០ម៉ឺនបាត, ចំណែកបច្ច័យដែលចូលដោយប្រជាជនថៃនៅកម្ពុជា និងពុទ្ធបរិស័ទ្ធកម្ពុជាមានចំនួន ១៥.៤៣៩ដុល្លារ និងលុយបាតមានចំនួន ៣.៥០០បាត និង៧.៣១១.៥០០ រៀល។

គួរបញ្ជាក់ថា ក្រសួងការបរទេសថៃ តែងតែដង្ហែអង្គកឋិនទានព្រះរាជទានទៅកាន់វត្តព្រះពុទ្ធសាសនានៅក្រៅប្រទេស ក្នុងនោះ បានដង្ហែអង្គកឋិនទានព្រះរាជទានចូលមកកម្ពុជា ជាលើកដំបូង កាលពីឆ្នាំ១៩៩៥ ហើយបានប្រារព្ធឡើងជាបន្តបន្ទាប់ស្ទើរតែរៀងរាល់ឆ្នាំ ហើយលើកនេះ ជាលើកទី២១ ហើយជាអង្គកឋិនទានព្រះរាជទានប្រទេសដំបូងក្នុងឆ្នាំ ២០១៩ផងដែរ ដោយបានរៀបចំដំណើរការយ៉ាងរលូន មានសណ្តាប់ធ្នាប់ល្អស័ក្កិសម និងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍។

អ្នកចូលរួមទាំងអស់ បានសម្តែងការដឹងព្រះគុណចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលទ្រង់តែងតែបានព្រះរាជទានការទំនុកបំរុងដល់ព្រះពុទ្ធសាសនា ជាសាសនា ដែលប្រជាជនភាគច្រើនក្នុងប្រទេសថៃ-កម្ពុជា គោរពបូជាហើយថែមទាំងជាការពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេស ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។

ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាចែកជា ២គណៈ គឺគណៈមហានិកាយ និងធម្មយុត្តិកនិកាយ ដែលធម្មយុត្តិកនិកាយ មិនសូវជាមានទីអារាមប៉ុន្មាននោះទេ ដែលបច្ចុប្បន្ននៅទូទាំងប្រទេស មានវត្តខាងធម្មយុត្តិប្រមាណតែ ២០០វត្តប៉ុណ្ណោះ ខណៈដែលវត្តខាងមហានិកាយមានប្រមាណជាង ៤ពាន់វត្ត៕