(កាលីហ្វញ៉ា)៖ លោក វង្សី វិស្សុត អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំ ក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា បានដឹកនាំក្រុមការងារធ្វើទស្សនសិក្សា អំពីបច្ចេកវិទ្យាឌីជីថល និងការរៀបចំសេដ្ឋកិច្ចឌីជីថល ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅតំបន់ Silicon Valley ស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងស្វែងយល់អំពីភាពជោគជ័យ ក៏ដូចជា ភាពនាំមុខរបស់តំបន់ Silicon Valley នៅលើពិភពលោក ពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ដូចជា ការរៀបចំលក្ខខណ្ឌអំណោយផលទាំងឡាយ សម្រាប់គាំទ្រ ដល់ការបណ្តុះគំនិតនវានុវត្តន៍ (Innovation), ការបង្កើតធុរកិច្ចថ្មី (startup), ការរៀបចំថ្នាលនិងប្រព័ន្ធអេកូ សម្រាប់ការអភិវឌ្ឍសហគ្រិនភាព (Entrepreneurship Ecosystem & Platform), បរិយាប័ន្នហិរញ្ញវត្ថុ, អំពីតម្រូវការ និងការអភិវឌ្ឍជំនាញឌីជីថល, ការរៀបចំគោល នយោបាយពាក់ព័ន្ធនឹងបញ្ញាសិប្បនិមិត្ត (AI), ការប្រើប្រាស់ប្រព័ន្ធសង្គម និងនិន្នាការ នៃការវិត្តន៍វិស័យបច្ចេកវិទ្យាទៅថ្ងៃអនាគត ព្រមទាំងការបណ្តាក់ទុនរួមគ្នា (venture capital) ពិសេសតួនាទីរបស់សេដ្ឋកិច្ចឌីជីថល ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការបង្កើតការងារសំដៅប្រមូលធាតុចូល និងដកស្រង់បទពិសោធន៍ល្អៗ ពីសហរដ្ឋអាមេរិក សម្រាប់ជាមូលដ្ឋានក្នុងរៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ឱ្យមានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានផ្តោតលើចំណុចគន្លឹះសំខាន់ៗ ដែលជាឧត្តមានុវត្តអន្តរជាតិក្នុងការអភិវឌ្ឍក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល ឱ្យក្លាយជាជន្ទល់សេដ្ឋកិច្ចជាតិ ដោយបានធ្វើទស្សនកិច្ចទៅតាមក្រុមហ៊ុនបច្ចេកវិទ្យា ធនាគារ និងគ្រឹះស្ថានអំប់រំនិងបណ្តុះបណ្តាល ព្រមទាំងស្ថាប័នសិក្សាស្រាវជ្រាវ ទាំងឯកជន និងសាធារណៈរបស់អាមេរិក ដូចជា៖ សាកលវិទ្យាល័យ Stanford និងសាកលវិទ្យាល័យ California Berkeley អំពីការរៀបចំកម្មវិធីសិក្សា និងការរបណ្តុះគោលគំនិតនវានុវត្តន៍, ធនាគារ Silicon Valley អំពីការបង្កើត ឱ្យមានអេកូឡូស៊ីហិរញ្ញប្បទាន ដល់សហគ្រិនភាព តាមរយៈការផ្សារភ្ជាប់ជាមួយធុរកិច្ចថ្មី និងការបណ្តាក់ទុនរួមគ្នា ក៏ដូចជា ក្រុមហ៊ុនភាគហ៊ុនឯកជន ដែលផ្តោតលើការ វិនិយោគបច្ចេកវិទ្យា, ក្រុមហ៊ុន Intel ពាក់ព័ន្ធនឹងបញ្ញាសប្បនិម្មិត (Artificial Intelligent), ក្រុមហ៊ុន Facebook ពាក់ព័ន្ធនឹងការទាញផលប្រយោជន៍ ពីបណ្តាញសង្គមក្នុងការជំរុញសហគ្រិនភាព, ក្រុមហ៊ុន Coursera អំពីការបណ្តុះជំនាញសំខាន់ៗសម្រាប់ទីផ្សារការងារនៅកម្ពុជា, ក្រុមហ៊ុន LinkedIn អំពីទស្សនវិស័យលើតម្រូវការជំនាញឌីជីថល និងការរៀបចំគោលនយោបាយឆ្លើយតប និងស្ថាប័នផ្សេងៗទៀត ដែលផ្តល់ទស្សនាទាន និងការប្រមើលមើលជា យុទ្ធសាស្រ្តក្នុងការរៀប ចំក្របខ័ណ្ឌគោលនយោបាយផងដែរ។

គួរបញ្ជាក់ដែរថា តំបន់ Silicon Valley គឺស្ថិតនៅភាគខាងត្បូង នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វ័រញ៉ា ហើយជាមជ្ឈមណ្ឌល នៃការប្រមូលផ្តុំនវានុវត្តន៍ដ៏វិសេសវិសាល និងសម្បូរបែប ជាពិសេស ធុរកិច្ចថ្មីផ្អែកលើបច្ចេកវិទ្យាទំនើប, ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សសកលលោកជាច្រើន រួមមាន៖ ក្រុមហ៊ុន Apple, Google, Facebook ជាដើម និងស្ថាប័នស្រាវជ្រាវនវានុវត្តន៍ផងដែរ។

លើសពីនេះ Silicon Valley ជាតំបន់រស់រវើកបែបសេដ្ឋកិច្ចថ្មី ផ្អែកលើចំណេះដឹងបច្ចេកវិទ្យា ដែលមានឧត្តមគ្រឹះស្ថានអប់រំ និងស្ថាប័នស្រាវ ជ្រាវល្បីល្បាញទូទាំងពិភពលោកជាច្រើន លើជំនាញសហគ្រិនភាព និងនវានុវត្តន៍ ពោលគឺ សាកលវិទ្យល័យ Stanford និងសកលវិទ្យាកាលីហ្វញ៉ា Berkeley ដែលជាថ្នាលបណ្តុះនិង លើកកម្ពស់កំនិតឆ្នៃប្រឌិត ក៏ដូចជាធុរកិច្ចបង្កើតថ្មី តាមរយៈការទទួលបានការគាំទ្រ និងហិរញ្ញប្បទាន ទាំងពីរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន និងតួអង្គពាក់ព័ន្ធផ្សេងៗ។

សរុបសេចក្តីមក ដំណើរទស្សនកិច្ចសិក្សានៅ Silicon Valley នេះ ពិតជាទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ដោយក្រុមការងារបានប្រមូលធាតុចូលជាច្រើន ពាក់ព័ន្ធនឹងបែបផែននៃការអភិវឌ្ឍ ក៏ដូចជាការរៀបចំលក្ខខណ្ឌអំណោយ ផលដល់ការប្រមូលផ្តុំគំនិតផ្តួចផ្តើមមានចរិតនវានុវត្តន៍ ដែលនឹងត្រូវដាក់បញ្ចូល នៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលកម្ពុជានាពេលអនាគត៕