(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៤៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F14) មូលហេតុដោយសារការដ្ឋានរបស់បុរីមួយ ប្រើប្រាស់អេស្កាវាទ័រកាយដីដាក់លូ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ភូមិទួលគោក ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ (២) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (៣)សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ (៤) ផ្លូវអង្គរភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស បានធ្វើការផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១១៖៤៥នាទីព្រឹក។ លើកលែងតែបន្ទប់ភ្លើងលេខP1952 ដែលមានទីតាំងស្ថិតនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់ មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ១៥៖០០នាទីរសៀលនេះ។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕