(ព្រះវិហារ)៖ អាវុធកែឆ្នៃប្រភេទចំនួន១៨ដើម ត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅភូមិអូរកក់ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ស្ម័គ្រចិត្តប្រគល់ជូនកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ។

បើតាមលោកវរសេនីយ៍ទោ រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានថ្លែងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលស្រុកតែងតែង ចុះប្រជុំផ្សព្វផ្សាយតាមមូលដ្ឋាននានា ស្តីពីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ ចំណុចឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប។ ក្នុងនោះគឺសមត្ថកិច្ចបានផ្សព្វផ្សាយផ្តោតសំខាន់ ទៅលើការប្រើប្រាស់ អាវុធខុសច្បាប់គ្រឿងញៀន ល្បែងស៊ីសង និងបញ្ហាចរាចរណ៍ជាដើម។

លោកអធិការស្រុកបានបន្តថា តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនៅតាមមូលដ្ឋាននានា បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ មានការភ្ញាក់រលឹកយល់ដឹង ពីផ្លូវច្បាប់ច្រើន ដោយបានស្ម័គ្រចិត្តប្រគល់អាវុធកែឆ្នៃប្រភេទ (កាប៊ិន) មកឱ្យសមត្ថកិច្ចដើម្បីរក្សាទុកបានចំនួន២លើក។ លើកទីមួយនៅភូមិពោធិ៍ខឿន បានចំនួន១៤ដើម និងលើកទី២នៅថ្ងៃនេះ ភូមិអូរកក់ បានចំនួន១៨ដើមផងដែរ។

ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ទោ រិទ្ធ សូណា ក៏ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភ្ញាក់រលឹកយកអាវុធកែឆ្នៃ មកប្រគល់ជូនសមត្ថកិច្ចនៅពេលនេះ ហើយក៏បានធ្វើការអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាវុធកែឆ្នៃលាក់ទុកនៅក្នុងផ្ទះ គួរតែយកមកប្រគល់ជូនសមត្ថកិច្ច ជាសវាងកូនចៅ ឬក្រុមគ្រួសារ យកទៅប្រើប្រាស់ដែលជាអំពើខុសច្បាប់នាំឱ្យមានទោស៕