(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាលដឹកនាំដោយលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និងលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការសាលាខេត្ត កងកម្លាំងទាំង៣ និងមន្ទីរជុំវិញខេត្ត នាថ្ងៃទី១៦ ខែតុលានេះ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋគម្រប់ខួប៧ឆ្នាំ នៃការយាងសោយទីវង្គត ព្រះបរមរតនកោដ្ឋ នៅក្នុងបរិវេណសាលាខេត្តកណ្ដាល។

គណៈអភិបាលខេត្តមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល សូមសម្ដែងនូវកតញ្ញូតាធម៌ ចំពោះព្រះគុណូបការៈដ៏ថ្លៃថ្លា វិសេសវិសាលឧត្តុង្គឧត្តម ចំពោះជាតិមាតុភូមិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសព្រះរាជវីរសកម្មភាព ដ៏លើសលប់របស់ព្រះអង្គ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យបូរណភាពទឹកដី ឯកភាពជាតិ និងកិត្យានុភាពដ៏ល្បីល្បាញលើសកលលោក។ ពិតមែនតែព្រះរូបកាយរបស់ព្រះអង្គ បានយាងសោយទីវង្គតទៅហើយ ប៉ុន្តែព្រះកិត្តិនាមរបស់ព្រះអង្គ ស្ថិតនៅក្នុងក្រអៅបេះដូង របស់កូនចៅ ចៅទួត ចៅលួតទាំងអស់គ្នា។

សូមចងចាំជានិច្ច នូវព្រះមហាករុណាទិគុណ និងគំរូវីរភាពរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមចាត់ទុកថាព្រះអង្គមិនគ្រាន់តែជាព្រះវររាជបិតាជាតិខ្មែរ សម្រាប់ជំនាន់នេះទេ គឺព្រះអង្គស្ថិតនៅជាព្រះវររាជបិតាជាតិខ្មែរ សម្រាប់គ្រប់ជំនាន់ជារៀងរហូត។ សូមបួងសួង សូមព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមយាងសោយ ព្រះបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់មកអង្គពិធីទាំងមូល បានសង្រួមឥរិយាបទស្មឹងស្មាធិ៍ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាក្សត្រព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមាននិមន្តព្រះសង្ឃចំនួន ៩ព្រះអង្គ ស្វាធ្យាយព្រះសប្តត្តប្បករណាភិធម្មបង្សុកូល ថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាកិច្ចបញ្ចប់កម្មវិធី៕