(ភ្នំពេញ)៖ លោក ជួន ប៊ុនរឿន ប្រជាពលរដ្ឋម្នាក់រស់នៅខណ្ឌជ្រោយចង្វារ បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងអតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន និង ឈ្មោះ ហេង ឡៃហ៊ួ ព្រមទាំងបក្ខពួកពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» និង «ញុះញ៉ុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» បន្ទាប់ពីលោក អ៊ុំ សំអាន និងបក្ខពួក បានបង្ហោះ Facebook ចោទប្រកាន់ថាលោក ជួប ប៊ុនរឿន ប្រើអំពីហិង្សាលើចៅសង្កាត់កោះដាច់ បណ្តាលឲ្យបាក់ដៃ និងបានប្រើប្រាស់សំណេរក្នុងន័យញុះញ៉ុងឲ្យមានភាពវិកវរដល់សង្គម។ នេះបើយោងតាមពាក្យបណ្តឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ។

លោក ជួន ប៊ុនរឿន បានបញ្ជាក់ថា «បុគ្គលឈ្មោះ អ៊ុំ សំអាន និងឈ្មោះ ហេង ឡៃហ៊ួ ពិតជាបានប្រព្រឹត្តអំពើដោយចេតនាទុច្ចរិត បរិហាកេរ្តិ៍ជាសាធារណៈអះអាងបំផ្លើស ទម្លាក់កំហុសដោយអសុទ្ធចិត្ត នាំឲ្យបះពាល់ដល់កិត្តិយសខ្ញុំ ពិសេសញុះញ៉ុងឲ្យប្រព្រឹត្តអំពើបង្ក ឲ្យមានភាពវិកវរធ្ងន់ធ្ងរ តាមរយៈមធ្យោបាយផ្សព្វផ្សាយ តាមទំនាក់ទំនងសង្គមហ្វេសប៊ុក»

ក្នុងពាក្យបណ្តឹងនោះ លោក ជួន ប៊ុនរឿន បានសំណូមពរឲ្យតុលាការ ឃាត់ខ្លួន និងចោទប្រកាន់លើលោក អ៊ុំ សំអាន និងលោក ហេង ឡៃហ៊ួ ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិ មាត្រា៣០៥ និងបទ «ញុះញ៉ុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមបញ្ញត្តិមាត្រា៤៩៥» នៃក្រមព្រហ្មទណ្ឌនៃកម្ពុជា និង ទាមទារសំណងជំងឺចិត្តជាទឹកប្រាក់១០០រៀល៕