(សៀមរាប)៖ ដើម្បីអបអរសាទរដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៥នោះ ផ្កាក្រវ៉ាន់ចំនួន៥៥០ដើម និងកូនធ្នង ចំនួន១០០ដើម នឹងត្រូវដាំនៅលើផ្ទៃដី១ហិចតារួមគ្នា រវាងរដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅសួនមុខអង្គរតូច នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីបង្ហាញពីការស្រឡាញ់ បរិស្ថានប្រកបដោយភាពបៃតង និងបង្កើតឱ្យមានជីវៈចម្រុះនៅតំបន់ ដែលជាបេតិកភណ្ឌដ៏អស្ចារ្យ របស់មាតុភូមិកម្ពុជា។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការដាំដើមផ្កាក្រវ៉ាន់ ចំនួន៥៥០ដើម និងដើមធ្នង១០០ដើម នឹងត្រូវដាំនៃសួននៅមុខ ប្រាសាទអង្គរតូច ដោយរដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងមន្ត្រីតំណាងមកពីក្រសួងបរិស្ថានអាស៊ាន និងអគ្គលេខាធិការអាស៊ាន ក្រោយពីបើកកិច្ចប្រជុំលើកទី១៥ នៃរដ្ឋមន្ត្រីបរិស្ថានអាស៊ានជាផ្លូវការ ដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃម្ពុជា នៅថ្ងៃទី៨ ខែតុលា ស្អែកនេះ។

លោកបានលើកឡើងថា គោលបំណងនៃការដាំដើមផ្កាក្រវ៉ាន់ចំនួន៥៥០ដើម និងដើមធ្នង១០០ដើម គឺដើម្បីបង្កើននូវជីវៈចម្រុះឱ្យបានច្រើនសំដៅការពារដល់លំនឹងបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។ កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ច ប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី៧-១០ខែ តុលា ឆ្នាំ២០១៩ នៅលើទឹកដីនៃខេត្តសៀមរាបអង្គរ ដោយមានសមាសភាព ចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្ត្រី និងគណៈប្រតិភូទាំង ១០ប្រទេស អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីបរិស្ថាន មកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង។

បើតាមការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា បានបន្ថែមទៀតថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះនេះ ក៏មានការដាក់បញ្ចូល នូវឧទ្យានជាតិចំនួន៥ ដែលមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម ជាឧទ្យានជាតិភណ្ឌរបស់អាស៊ាន ផងដែរ បន្ទាប់ពីកាលពីខែកញ្ញា ឆ្នាំ២០១៧ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានផ្តល់ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន និងវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត ដែលបានឆ្លងកាត់ការវាយតម្លៃ និងជ្រើសរើសដោយគណៈកម្មការ ដែលមានសមាសភាព មកពីប្រទេសសមាជិកអាស៊ានទាំងអស់ ក្នុងនោះខេត្តកែប របស់ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភី សម្រាប់ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ខណៈខេត្តពោធិ៍សាត់ ត្រូវបានផ្តល់វិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត៕