(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការសម្តែងការព្រួយបារម្ភរបស់សហជីព សមាគម សហគមន៍ និងអង្គការសង្គមស៉ីវិលមួយចំនួន ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យជនបរទេសប្រកបមុខរបរស្វ័យ និយោជន៍ឡើងវិញនោះ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថាវិធានការនេះ មិនមែនធ្វើឡើង ដើម្បីឱ្យជនបរទេសធ្វើអ្វីស្រេចតែចិននោះទេ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ដោយអនុញ្ញាតឲ្យជនបរទេសនៅក្នុងប្រទេសកម្ពុជា ធ្វើសកម្មភាពស្វ័យនិយោជន៍ឡើងវិញ ពោលគឺអាចប្រកបមុខរបរ ឬការងារដែលរកចំណូលផ្ទាល់ខ្លួនមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល។

សេចក្តីប្រកាសនេះបានសម្រេចជាថ្មី ចំពោះសេចក្តីសម្រេចរបស់ក្រសួងការងារ ដែលធ្វើការហាមឃាត់ជនបរទេសទាំងអស់ ធ្វើការប្រកបរកស៉ី និងធ្វើការងារចំនួន ១០ប្រភេទ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ សហជីព សមាគម សហគមន៍ និងអង្គការសង្គមស៊ីវិល ៥៤ស្ថាប័ន បានសម្តែងការខកចិត្តចំពោះសេចក្តីប្រកាសស្ដីអំពី «ការអនុញាតឡើងវិញ នៃសកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស»។ ពួកគេបានចាត់ទុកថា ការអនុញ្ញាតឲ្យជនបរទេសប្រកបមុខរបរស្វ័យនិយោជន៍ គឺជាការបើកឱកាសឲ្យជនបរទេសមកធ្វើការ «ដណ្ដើមមុខរបរបស់កម្មករ និងប្រជាពលរដ្ឋខ្មែរ»

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានច្រានចោលចំពោះសេចក្តីថ្លែងការណ៍រួមនោះ ដោយបញ្ជាក់ថា៖ «ការដកបម្រាមនេះគឺ តម្រូវឲ្យបុគ្គលជាជនបរទេសទាំងអស់នោះ ត្រូវបំពេញបែបបទទៅតាមច្បាប់ជាធរមានផ្សេងទៀត ដូចជាច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដែលតម្រូវឲ្យមានការចុះបញ្ជីពាណិជ្ជកម្មក្នុងរូបភាព ច្បាប់ស្តីពីចរាចរណ៍ ក៏ដូចជាត្រូវគោរពវិធានសណ្តាប់ធ្នាប់សាធារណៈរបស់កម្ពុជា»។

លោកបានបញ្ជាក់ថា សេចក្តីសម្រេចជាថ្មីរបស់ក្រសួងការងារនេះ ធ្វើឡើងបន្ទាប់ពីមានសំណូមពរពីវិស័យឯកជនដែលជាប្រភពវិនិយោគធំៗនៅកម្ពុជា៕