(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ចំនួន២គោលដៅ នៅស្រុកកងមាស និងស្រុកកោះសូទិន ដកហូតបានវត្ថុតាងមួយចំនួន និងចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញ ជិត៣០០គីឡូក្រាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ទីតាំងទី១៖ បង្ក្រាបនៅចំណុចព្រែកសណ្តាយ ស្ថិតក្នុងភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយលោកបានបញ្ជាកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន អាជ្ញាធរមូលដ្ឋាន។

ជាលទ្ធផលសមត្ថកិច្ចដកហូតបាន លូស្បៃមុង ចំនួន១៥មាត់, របាំងលូស្បៃមុង ប្រវែង៤៥០ម៉ែត្រ, បង្គោលចម្រឹងឬស្សី ចំនួន២១៥ដើម, និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន៣៦គីឡូក្រាម។ ចំពោះវត្ថុតាងខាងលើ ដោយមានការអនុញ្ញាតពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចបានបង្កើតគណៈកម្មការ ធ្វើការកាប់បំផ្លាញ និងដុតចោលនៅនឹងកន្លែងតែម្តង។

ដោយឡែកទីតាំងទី២៖ លោកបានចាត់ជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស អាជ្ញាធរមូលដ្ឋាន កម្លាំងសហគមន៍បឹងB៦ និងកម្លាំងប្រជាការពារ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចក្រោយភូមិជ្រោយក្របៅទី១ ភូមិព្រែកលីវទី៤ ស្វាយស្រណោះទី១ ភូមិជ្រោយក្របៅទី២ ភូមិខ្ចៅទី៣ វ៉ារិន្ទទី១ នៅក្នុងឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម (បឹងB៦)។

ជាលទ្ធផលដកហូតបាន ស្បៃមុង៦៥មាត់, ប្រួលស្បៃ៥៥០ម៉ែត្រ, បង្គោល៦៥ដើម និងចាក់ប្រលែងកូនត្រី ចូលក្នុងបឹងធម្មជាតិវិញចំនួន២៥០គីឡូក្រាម។ ចំពោះវត្ថុតាងខាងលើ សមត្ថកិច្ចបានធ្វើការដុតបំផ្លាញចោល ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម៕