(តាកែវ)៖ នៅព្រឹកថ្ងៃទី៧ ខែ តុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ទោ ស្រី សូផាត នាយរងការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលមានជំងឺប្រចាំកាយ និងកំពុងសំរាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែ។

នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានជូនថវិកាផ្ទាល់ខ្លួនចំនួន ១.០០០.០០០ និងថវិកាមិត្តរួមការងារ ចំនួនន៩៣ម៉ឺនរៀល អង្ករពីរប៉ាវស្មើនិង១០០គីឡូក្រាម ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ។ ជាមួយគ្នានេះ លោកស្នងការ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិផងដែរ។

នៅថ្ងៃដដែលនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដឹកនាំកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ថ្ងៃចន្ទ និងថ្ងៃសុក្រផងដែរ។ បន្ទាប់ពីអ្នកប្រចាំបញ្ជាកងជួរឡើងគោរពរាយការណ៍អំពីសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅគ្រប់បណ្តាអធិការដ្ឋាននគរបាល ស្រុក ក្រុង រួចមក លោកស្នងការ បានក្រើនរំលឹកដាស់តឿន អំពីវិន័យកងកម្លាំងនគរបាលជាតិ ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានសំដែងនូវការកោតសរសើរ ជូនចំពោះកងកម្លាំងនគរបាលខេត្តតាកែវ ដែលបានខិតខំអស់កម្លាំងកាយចិត្តបំពេញភារកិច្ចស្នូល ក្នុងការថែរក្សា កាពារ សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសភូមិ ឃុំ មានសុវត្ថិភាព នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌទទួលបានជោគជ័យផងដែរ៕