(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានលើកឡើងថា វិមានឈ្នះ-ឈ្នះ ជាមោទកភាពជាតិយើងដែលឆ្លុះបញ្ចាំងឲ្យឃើញពីស្នាដៃរួបរួមជាតិជាធ្លុងមួយកសាងជាតិ រក្សាសុខសន្តិភាពជាតិ និងការអភិវឌ្ឍន៍ឲ្យមានការរីកចំរើនជាលំដាប់ ខណៈប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងឆ្ពោះដំណើរទៅមុខជាលំដាប់ ខណៈដែលវិមានឈ្នះ-ឈ្នះ ជានិមិត្តរូបមួយដ៏អស្ចារ្យស្ដែងចេញឲ្យឃើញ នូវពន្លឺសន្តិភាព ភាពរីកចំរើននៃជាតិយើង ក្រោយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា។

នាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ទៀតថា ពាក្យពេចន៍ ការយល់ឃើញ និងគំនិតទាំងឡាយណាដែលប្រមាថមើលងាយចំពោះស្នាដៃ និងវិមានឈ្នះ-ឈ្នះ យូរៗទៅនឹងរសាត់ សាបសូន្យអស់ដោយ ឯកឯងមិនខានឡើយ ព្រោះទាំងនោះជាពាក្យពេចន៍ ការយល់ឃើញ និងគំនិតមិនពិតប្រៀបបានហ្នឹងល្អងធូលីដែលហោះហើរគ្មានទិសត្រើយ ខណៈដែល «ពាក្យថាល្អងធូលីនេះ សំដៅលើពាក្យមិនពិតទាំងឡាយណាដែលប្រមាថមកចំពោះវិមានឈ្នះ-ឈ្នះ និងនៅតែបន្តនិយាយថា វិមានឈ្នះ-ឈ្នះ ជាវិមានរបស់ប្រទេសដទៃ ដែលតំកល់នៅប្រទេសកម្ពុជា ដោយពុំមានទឡ្ហីករណ៍ណាមួយច្បាស់លាស់មកបង្ហាញ មិនបានសំដៅទៅលើបុគ្គលណាម្នាក់នោះឡើយ»។

នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បែបនេះ នៅគ្រាដែលលោកអញ្ជើញជាវាគ្មិនកិត្តិយសធ្វើបាឋកថាចែករម្លែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទស្ដីពី «វិមានឈ្នះ-ឈ្នះ» ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រីនគរបាល និស្សិត និងសក្ខាកាមនៃបណ្ឌិតសភានគរបាលកម្ពុជាជាង ១៣០០នាក់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ។

នាយឧត្តមសេនីយ៍ ក៏បានពន្យល់ដោយសង្កត់ធ្ងន់ពីអត្ថន័យ នៃការបង្កើតវិមានឈ្នះ-ឈ្នះនេះ ខណៈធាតុពិតវិមាននេះ បានបង្កើតឡើង លើមូលដ្ឋានដែលមានសច្ចភាព ក្នុងអត្ថន័យ «វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ និងសនិទាន (តកវិជ្ជា-Logic )» ច្បាស់លាស់ ពោលគឺស្ថាបនាឡើងក្នុងន័យ រំឮកដឹងគុណនូវស្នាដៃដឹកនាំ និងប្រតិបត្តិសម្រាប់ប្រទេសជាតិ ដែលនាំមកនូវសន្តិភាពពេញលេញ និង បង្ហាញពីភាពសុខដុមនៃប្រជាជាតិខ្មែរយើង ដើម្បីធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍន៍ ជឿនលឿននាពេលឆាប់ខាងមុខនេះ ហើយវិមានឈ្នះ-ឈ្នះ ស្វាគមន៍រាល់ពេលវលាជាសាធារណៈ ឲ្យបានឃើញជាក់ស្ដែង ពីតឹកតាងប្រវត្តិសាស្ត្រដែលមាននៅក្នុងវិមានឈ្នះ-ឈ្នះ។

នាយឧត្តមសេនីយ៍ បានពន្យល់ថា សំណង់វិមានឈ្នះ-ឈ្នះ ដែលបានកសាងឡើងមកនេះ គឺបានច្នៃ និងរចនាដោយសុទ្ធសឹងតែជាស្មាដៃខ្មែរ ដែលខិតខំជាមួយការដឹកនាំ ទស្សនៈនៃនយោបាយឈ្នះ-ឈ្នះ និយាយរួមចាប់ផ្ដើមតាំងពីការងារស្រាវជ្រាវ ស្ថាបត្យកម្ម វិស្វកម្ម និងអភិវឌ្ឍន៍គំនិត គឺធ្វើឡើងក្នុងការគិតគូររួមទាំងអស់របស់គណៈកម្មការជាតិសិក្សាស្រាវជ្រាវ សាងសង់វិមានឈ្នះ ឈ្នះ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ដូច្នេះសំណង់ដែលមានអត្ថន័យ ដែលអាចប្រៀបធៀបជាមួយប្រទេស នៅក្នុងកម្រិតតំបន់គឺជា សំណង់របស់ខ្មែរដែលបានធ្វើឡើង ដើម្បីបង្ហាញពីសន្តិភាព និងសមិទ្ឋផលជាតិ។ ក្នុងន័យនេះ គឺពាក្យពេចន៍ ការយល់ឃើញ និងគំនិតមិនត្រឹមត្រូវ មិនពិតប្រាកដ និងមានគោលបំណងបំភ្លៃ បំភ័ន្តនេះគឺត្រូវបានចាត់ទុកថាជាល្អងធូលី ឬក៏ជាអ្វីដែលគ្រាន់តែហើរមកប៉ះព្រោះមិនអាចធ្វើឱ្យរង្គោះរង្គើរនូវតឹកតាង ភស្តុតាងប្រវត្តិសាស្ត្រ ដ៏ស្កឹមស្កៃ ស្ដុកស្ដម្ភដែលមាននូវសិលាចារឹក ចម្លាក់ទម្រង់នានាដែលនៅទីនេះបានឡើយ ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា នេះ គឺជាអ្វីដែលលោកចង់បញ្ជាក់ឡើងវិញ និងនៅតែមានជំហរយ៉ាងរឹងមាំថាទស្សនៈ នៃការកសាងស្ថាបត្យកម្មមួយនេះ មានចក្ខុវិស័យដែលដាក់ចេញ មកយ៉ាងច្បាស់លាស់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងមានទស្សនៈទានដែលសម្តេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់ និងដឹកនាំការសាងសង់នេះ ហើយក្រុមការងារពោរពេញដោយឆន្ទៈស្មារតីទទួលខុសត្រូវ ទោះបន្ទាប់ពីការសាងសង់រួចហើយក្នុងដំណាក់កាលទី៣នេះ។

នាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា បទពិសោធន៍ដែលយើងមានក្នុងរយៈពេល ០៩ខែនេះ ក្រោយបុណ្យនីមួយៗតែងតែមាន ប្រជាជនមកឆ្លងកាត់ពីកើតទៅលិច ពីជើងទៅត្បូង និងចូលទស្សនា ជាក្រុមគ្រួសារ និងឈ្វេងយល់ អ្នកខ្លះក៏បានយល់ជាមុន និងអ្នកខ្លះក៏ឈ្វេងយល់ផ្ទាល់ ដោយត្រូវឈរលើលក្ខណៈ ដែលមានភាពវិទ្យាសាស្រ្ត ដែលមានប្រវត្តិសាស្រ្តប្រាកដនេះ និងមានឡុស្ហ៊ីកនៅក្នុងនោះ។ ដូច្នេះសូមចូលរួមជាមួយគ្នា ក្នុងការកសាងប្រទេសជាតិ ថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍឱ្យកាន់តែបានជឿនលឿន និងឧដុង្គឧត្តម។

ជុំវិញបាឋកថានេះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា ក៍បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះវត្តមាន របស់លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានធ្វើជាវាគ្មិនពន្យល់យ៉ាងស៊ីជម្រៅជូនដល់មន្ត្រីនគរបាលទាំងអស់ឲ្យយល់ច្បាស់ពីអត្ថន័យនៃវិមានឈ្នះ-ឈ្នះ យើង៕